(កណ្តាល)៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកណ្ដាល បានទទួលសម្ភារសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ពីសប្បុរសជនក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកណ្ដាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជារបស់យើង មិនមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ឡើយ។
ប៉ុន្តែបើទោះជាទូទាំងប្រទេសកម្ពុជា ក៏ដូចជាខេត្តកណ្ដាល មានភាពល្អប្រសើរក្ដី តែរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៅតែបន្ត និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសជាមួយ នឹងជំងឺដ៏កាចសាហាវមួយនេះ ព្រោះថានៅទូទាំងពិភពលោក មិនទាន់មានថ្នាំព្យាបាលឡើយ។
ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភនូវសម្ភារសម្លាប់មេរោគ និងទឹកថ្នាំសម្លាប់មេរោគ ដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ ក្នុងការចូលរួមក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ជំងឺកូវីត-១៩ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ និងការចេះជួយគ្នាក្នុងគ្រាលំបាក។
គួរជម្រាបជូនថា សម្ភារដែលបានប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពារទប់ស្កាត់ប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅពេលនេះរួមមាន៖
*ទូសម្លាប់មេរោគចំនួន១
*ម៉ាស៊ីនបាញ់ចំហាយទឹកសម្លាប់មេរោគចំនួន១០គ្រឿង
*ទឹកសម្លាប់មេរោគចំណុះ ១០០ml ចំនួន២៤០ដប
*ទឹកសម្លាប់មេរោគចំណុះ ៥០០ml ចំនួន៥០ដប
*ទឹកសម្លាប់មេរោគសម្រាប់ Refill 10L ចំនួន៨០ ប្រអប់, ទឹកសម្លាប់មេរោគសម្រាប់ Refill 10L ចំនួន២០ប្រអប់៕