(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងផែនការមួយចំនួន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នេះ គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តលើសេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣ និងសេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣។
គណៈរដ្ឋមន្ត្រី ក៏បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ចំនួន៤ ទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិផងដែរ។ សេចក្តីព្រាងច្បាប់ទាំង៤នោះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេស
ជាសមាជិកអាស៊ានណាមួយ និងពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights) រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាសេចក្តីកម្ពុជាក្នុងបរិបទជំងឺកូវីដ១៩ ដោយបានគូសរំលេចពីការរក្សាបាននូវការគ្រប់គ្រងបានល្អប្រសើរលើបញ្ហាហិរញ្ញវត្ថុ បើធៀបនឹងបណ្តាប្រទេសមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់លើបញ្ហាជំនន់ទឹកភ្លៀង។ ជាពិសេសត្រូវត្រៀមលក្ខណៈសម្បត្តិចុះជួយសង្គ្រោះពីប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀងនេះ៕