(កណ្តាល)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងសហការី នៅរសៀលថ្ងៃ០៩ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ បច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហារ ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បាននាំយកនូវបច្ច័យចំនួន ៤០លានរៀល ជាមួយទេយ្យវត្ថុរួមមាន៖ អង្ករ៣តោន, មី១០០កេស, ត្រីខ១០កេស, ទឹកក្រូច៣០កេស, ទឹកសុទ្ធ ៣០កេស, ទឹកដោះគោខាប់៥កេស, កាហ្វេហ្គោរូស៣០កញ្ចប់ធំ, តែ៥គីឡូក្រាម, ស្ករស៥០គីឡូក្រាម, អាល់កុល៦០លីត្រ, និងម៉ាស៣០០ ដើម្បីជាការជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តអារាមនេះ ដែលមានព្រះសង្ឃបំពេញវិជ្ជា នៅពុទ្ធកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហាជាង៣០០អង្គផងដែរ។
ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែនឹករលឹក គិតគូរខ្វល់ខ្វាយពីការខ្វះខាតរបស់ប្រជាពលរដ្ឋទាំងអស់ ដែលងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់ពេលវេលា ទោះក្នុងកាលៈទេសៈ ព្រះមាតារបស់សម្តេច គឺ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទើបទទួលមរណភាពថ្មីៗនេះក៏ដោយ សម្តេចនៅតែបន្តយកចិត្តទុក្ខដាក់ ដោយមិនភ្លេចឡើយពីការជួយសង្គ្រោះ និងសម្រាលការលំបាករបស់ពលរដ្ឋ ក៏ដូចជាការផ្គត់ផ្គង់ចង្ហាន់ និងទេយ្យទានមួយចំនួនទៀតដល់ព្រះសង្ឃ នៅតាមទីវត្តអារាម ដើម្បីសិក្សារៀនសូត្រ និងទ្រទ្រង់ព្រះពុទ្ធសាសនាកាន់តែរីកចម្រើនរុងរឿង។
ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរព្រះគុណ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី ដែលតែងតែយកចិត្តទុក្ខដាក់ បណ្តុះបណ្តាលព្រះសង្ឃ និងអប់រំផ្លូវចិត្តដល់ពុទ្ធបរិស័ទ។
ទន្ទឹមនឹងនោះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ បានមានព្រះពុទ្ធដិការ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា មិនថានៅពេលវេលាណានោះទេ តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាត ដល់ពលរដ្ឋគ្រប់គ្នា ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារ៉ាម ក្នុងអំឡុងមានជំងឺកូវីដ១៩ ដ៏កាចសាហាវ ដែលកំពុងតែឆក់យកជីវិតមនុស្ស និងធ្វើឱ្យមានវិបត្ដិសេដ្ឋកិច្ចនៅលើសកលលោក។
លើសពីនោះ ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។
ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យកម្ពុជា ចៀសផុតពីជំងឺកូវីដ-១៩ នឹងនាំមកនូវភាព សុខដុមរមនាដល់ប្រទេសជាតិជារៀងរហូត៕