(ភ្នំពេញ)៖ តំបន់ជាច្រើននៅខេត្តភាគពាយព្យប្រទេសមានដូចជាពោធិ៍សាត់ បាត់ដំបង់ បន្ទាយមានជ័យ ព្រះវិហារ និងឧត្តរមានជ័យជាដើម កំពុងរងការជន់លិចយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង។
អាជ្ញាធរ មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បានចេញប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ជួយជម្លៀសប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងសត្វពាហនៈជាដើមទៅរកទីទួលសុវត្ថិភាព។
ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនេះ គេបានឃើញកម្លាំងសង្គ្រោះទាំងអស់បញ្ចេញសកម្មភាពព្រមៗគ្នាអស់ពីកម្លាំងកាយចិត្ត និងប្រើមធ្យោបាយនានា ជួយសង្គ្រោះប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តរងគ្រោះដោយជំនន់ទឹកភ្លៀង ក៏បានដាក់ពង្រាយកម្លាំងនៅតាមកន្លែងជន់លិច ដើម្បីត្រៀមជួយសង្គ្រោះជនរងគ្រោះនេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលកំពុងដឹកនាំកម្លាំងសង្គ្រោះ និងពិនិត្យការជន់លិចក្នុងក្រុងពោធិ៍សាត់ បានថ្លែងឱ្យដឹងថា ខណៈនេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធតាមទីបញ្ជាការដ្ឋាន និងកងពលនានា បានកំពុងចុះជួយប្រជាពលរដ្ឋ និងត្រៀមកម្លាំង ដើម្បីសង្គ្រោះនៅតាមកន្លែងប្រឈមការជន់លិចដទៃទៀត។
លោកទេសរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះកម្លាំងសង្គ្រោះទាំងអស់ ដែលបានបំពេញប្រតិបត្តិការសង្គ្រោះអស់ពីកម្លាំងកាយចិត្តមុះមុតបំផុត។
លោក គន់ គីម «ខ្ញុំសូមអរគុណ និងសូមវាយតម្លៃខ្ពស់បំផុតចំពោះបងប្អូនអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរមូលដ្ឋាន និងបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងយ៉ាងស្វាហាប់បំផុតជួយដល់ប្រជាពលរដ្ឋរងការជន់លិច។ សកម្មភាពរបស់បងប្អូន បានស្តែងឱ្យឃើញពីទឹកចិត្តស្មោះស្ម័គ្រ និងភក្តីភាពយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ»។
បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់កម្លាំងសង្គ្រោះទាំងអស់ ត្រូវតម្កល់អនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងប្រតិបត្តិការសង្គ្រោះនេះ គឺមិនត្រូវឱ្យជីវិតពលរដ្ឋណាម្នាក់គ្រោះថ្នាក់អាយុជីវិត ដោយមិនបានដឹងនោះឡើយ។ ក្នុងស្មារតីនេះ កម្លាំងសង្គ្រោះ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធ ត្រូវតែយកចិត្តទុកដាក់ និងត្រៀមបម្រុងជានិច្ច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ៕