(តាកែវ)៖ អគារថ្មីរបស់ធនាគារជាតិនៃកម្ពុជាសាខាខេត្តតាកែវ ត្រូវបានសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ។
ការដាក់ឲ្យប្រើប្រាស់អគារថ្មីរបស់ធនាគារជាតិនៃកម្ពុជា សាខាខេត្តតាកែវដែលរៀបចំឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ត្រូវបានលោក ជា ចាន់តូ ទេសាភិបាលនៃ កម្ពុជាបានចាត់ទុកថា គឺជាអគារទំនើប សម័យថ្មីមួយ ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់ និងមានប្រព័ន្ធការពារសន្តិសុខកម្រិតខ្ពស់នោះអគារនេះ នូវរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទទួលបានការគាំទ្រ និងកាន់តែទទួលបានការជឿទុកចិត្តខ្លាំងថែមទៀត ពីសារធារណជនជាតិ និងអន្តរជាតិមកលើវិស័យធនាគារនៅកម្ពុជា។
លោក ជា ចាន់តូ បានបន្តទៀតថា ក្នុងរយៈពេល២០ឆ្នាំបន្ទាប់ពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញធនាគារជាតិនៃកម្ពុជា មានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា ពិសេសបានអនុវត្តយ៉ាងពេញលេញ នូវមុខងារភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់។
ដោយឡែកសម្រាប់សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវវិញ នៅពេលនេះបាន និងកំពុងបំពេញតួនាទីយ៉ាងសកម្មជា បេឡារបស់រតនាគារជាតិ, ជាធនាគាររបស់ធនាគារ, ជាអ្នកបែងចែកគ្រប់គ្រង និងសម្រួលដល់ចរាចរធនបត្រទូទាំងប្រទេស និងជាឃ្លាំងទុកទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយសុវត្ថុភាពបំផុត។
លោកទេសាភិបាលបានឲ្យដឹងថា ការរីកចម្រើននៃអគារធនាគារជាតិ នៃកម្ពុជា ក្នុងនោះរួមសាខាខេត្តតាកែវផងដែបាន ឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា, កាជំនឿទុកចិត្តលើប្រាក់រៀល ព្រមទាំងជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ត្រីជាប្រមុខក្នុងការរក្សានូវសន្តិភាព ស្ថេរភាពនយោបាយនិងវឌ្ឍនភាព។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ វិស័យធនាគារគឺមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងទំហំប្រតិបត្តិការ និងវិសាលភាព។
លោកបញ្ជាក់ថា ជាក់ស្ដែងទ្រព្យសកម្មនៃវិស័យនេះបានកើនឡើងចំនួន១៤៨ដងក្នុងនោះឥណទានបានកើនឡើងចំនួន២៨៤ដង,ប្រាក់បញ្ញើកើនចំនួន ១៨៧ដង ហើយបច្ចប្បន្ននេះប្រជាជនពេញវ័យនៅកម្ពុជាប្រមាណជាង៧០% ទទួលបានសេវាហិរញ្ញវត្ថុ។
លោក ជា ចាន់តូ បានចាត់ទុកអគារថ្មីសាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវថា ជាសមិទ្ធផលរបស់សង្គមថ្មីមួយទៀត សម្រាប់តែប្រជាពលរដ្ឋក៏ដូចអាជ្ញាធរខេត្ត សម្រាប់ប្រើប្រាស់នោះទេ តែបានរួមចំណែកបង្កើនសោភ័ណភាពក្រុងដូនកែវ ឲ្យកាន់តែស្រស់ស្អាតមួយកម្រិតបន្ថែមទៀត និងបានចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តតាកែវ ឲ្យកាន់តែរីកចម្រើនស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការ
ដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នោះទៀតផង។
សូមបញ្ជាក់ថា អគារថ្មី សាខាធនាគារជាតិខេត្តតាកែវនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៨ ខែកុម្ភុៈ ឆ្នាំ២០១៩ និងបញ្ចប់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ អគារនេះសង់លើផ្ទៃដីជាង៥,៣៧២ម៉ែត្រមានបណ្ដោយ២៨ម៉ែត្រទទឹង២៦ម៉ែត្រសង់តាម រចនាបទ ជំនាន់ខ្មែរ បារាំង៕