(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ និងវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀននេះ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេមេបញ្ជាការកងរាជអាវុធហត្ថក្រុងសេរីសោភ័ណ នាវេលាម៉ោង២រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកម្ស៉ៅក្រាមពណ៌សថ្លាចំនួន ២កូនថង់កិប ទម្ងន់០,៩៥ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន៣គ្រាប់ ទម្ងន់០,៤២ក្រាម, ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-5043 និងសម្ភារមួយចំនួនទៀត។
លោក យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១៖ ឈ្មោះ ចន រាជ ហៅ រក្សា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី២៖ ឈ្មោះ រ៉ាត់ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកំពង់ស្វាង សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង ២នាក់ ក្រោយពីកម្លាំងជំនាញអាវុធហត្ថក្រុងសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាបានលួចលក់ និងជក់ថ្នាំញៀនពិតប្រាដក៕