(ភ្នំពេញ)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានចេញផ្សាយនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំ-សង្កាត់បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយចំនួន ៨,៨៨១នាក់ ឱ្យមានសិទ្ធិចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
ក្នុងចំណោមភ្នាក់ងារគណបក្សនយោបាយទាំង ៨,៨៨១នាក់នោះ មានភា្នក់ងារពេញសិទ្ធិមានចំនួន ២,៩៣០នាក់ និងភា្នក់ងារបម្រុងមានចំនួន ៥,៩៥១នាក់។
យោងតាមក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយប្រការ ដែលត្រូវហាមឃាត់ចំពោះភ្នាក់ងារគណបក្សនយោបាយទាំងអស់មានជាអាទិ៍៖
* ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬការរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។
* ផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្ត្រីចុះឈ្មោះបោះឆ្នោត។
* ជ្រៀតជ្រែក ឬបង្កការអុកឡុក ឬបង្កការរំខាន ឬការរារាំងសកម្មភាពជាប្រក្រតីក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្នុងកំលុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
* និយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរ ក្នុងន័យប្រមាថមាក់ងាយទៅលើគណបក្សនយោបាយ ឬភ្នាក់ងារគណបក្សនយោបាយ ឬអ្នកសុំចុះឈ្មោះបោះឆ្នោត ឬមន្ត្រីចុះឈ្មោះបោះឆ្នោត៕