(ស្ទឹងត្រែង)៖ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ខ្លួន ដើម្បីពិនិត្យពិភាក្សា អនុម័ត និងកែតម្រូវលើកិច្ចការមួយចំនួន របស់រដ្ឋបាលខេត្ត ដើម្បីពិភាក្សា និងស្វែងរកនូវបញ្ហាប្រឈមមួយចំនួនដែលមានការពាក់ព័ន្ធ និងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងជំរុញមានពន្លឿនការដោះស្រាយបញ្ហាឈមនានា ដើម្បីឱ្យការងារអនុវត្ត ការងាររបស់រដ្ឋកាន់តែមានប្រសិទ្ធភាព និងមានជឿជាក់ពីប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ុម សារឿន អភិបាលខេត្ត និងមានការចូលរួមពីសមាជិកក្រុុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធានអនុប្រធានមន្ទីរជុំវិញខេត្តស្ទឹងត្រែង ផងដែរ។
លោក ឈាង ឡាក់ បានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប្រព្រឹត្តទៅដោយមានរបៀបវារៈសំខាន់ចំនួន៥ ដែលត្រូវលើកឡើងពិនិត្យ ពិភាក្សា និងអនុម័ត។ លោកបន្ថែមថា របៀបវារៈទាំងពាកព័ន្ធ និងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សា, សេចក្តីព្រាងរបាយការណ៍ និងផែនការរបស់រដ្ឋបាលខេត្ត, សេចក្តីព្រាងរបាយប្រចាំត្រីមាស របស់រដ្ឋបាលខេត្ត, ប្រតិទិនការងារកម្មវិធីវិនិយោ៣ឆ្នាំរំកិល និងស្តាប់របាយការណ៍អំពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
លោក ឈាង ឡាក់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានពិភាក្សា និងស្វែងរកនូវបញ្ហាប្រឈមមួយចំនួនដែលមានការពាក់ព័ន្ធ និងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងជំរុញមានពន្លឿនការដោះស្រាយបញ្ហាឈមនានា ដើម្បីឱ្យការងារអនុវត្តការងាររបស់រដ្ឋកាន់តែមានប្រសិទ្ធភាព និងមានជឿជាក់ពីប្រជាពលរដ្ឋ»។
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏បានលើកឡើងថារដ្ឋបាលខេត្តបានប្រឹងប្រែងអនុវត្តការងាស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យខេត្តកាន់តែមានការអភិវឌ្ឍរីកចម្រើន និងប្រជាពលរដ្ឋមានប្រាក់ចំណូលសមរម្យអាចរួចផុតពីភាពក្រីក្រ។
លោកបានបន្តថា ទន្ទឹមនឹងការប្រឹងប្រែងនេះ ក៏មានបញ្ហាប្រឈមមួយចំនួននៅតែកើតមានឡើង ប៉ុន្តែរដ្ឋបាលខេត្តស្ទឹងត្រែង បានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយ និងបានដាក់ទិសដៅភារកិច្ចជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍខេត្ត និងបន្តដោះស្រាយនូវរាល់បញ្ហានានា ដែលបានកើតឡើងឱ្យបានទាន់ពេលវេលា៕