(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានអំពើឃាតកម្មមួយបានកើតឡើង ដោយបុគ្គលិកហាង «ផ្ទះនំខេក» ម្នាក់ពេលកំពុងបីកូនក្នុងដៃ ស្រាប់តែត្រូវបុគ្គលិកដូចគ្នា យកញញួរមកវាយក្បាលបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ ស្ថិតនៅចំណុចហាង «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហន ចាន់រស្មី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងនំខាងលើ មានស្រុកកំណើតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនដៃដល់ត្រូវនគរបាលជំនាញ កំណត់មុខសញ្ញាបានហើយ ឈ្មោះ ផល បញ្ញា អាយុ៣១ឆ្នាំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយកំពុងរត់គេចខ្លួន។
ក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ អំពើឃាតកម្មនេះ សមត្ថកិច្ចអាចសន្និដ្ឋានបានជំហ៊ានដំបូង ថាអាចជាករណីគុំនំ ហើយតាមរយៈវីដេអូបង្ហាញដោយកាមេរ៉ាសុវត្ថិភាព ជនដៃដល់បានយកញញួរមកវាយក្បាលជនរងគ្រោះ ហើយរហូតមកដល់ពេលនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕