(បាត់ដំបង)៖ លោក សុង តុងហាប់ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គ្រប់ទីកន្លែងដែលមានភ្ញៀវចេញចូល ត្រូវតែណែណាំឱ្យម្ចាស់ទីតាំងទាំងនោះ អនុវត្តឱ្យបានតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ខណៈរាជរដ្ឋាភិបាលបានលើកលែងថ្លៃបង់អាជ្ញាបណ្ណទេសចរណ៍១ឆ្នាំ ក្នុងឆ្នាំ២០២១ ជាការលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទេសចរណ៍។
ការបញ្ជាក់បែបនេះ របស់លោក សុង តុងហាប់ បានធ្វើងនៅក្នុងកិច្ចប្រជុំតាមដាន និងវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅសាលាខេត្តបាត់ដំបង នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ។
លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្តខេត្ត តែងបានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវសារាចរណែនាំលេខ០០៤ សរណន ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវចុះផ្សព្វផ្សាយណែនាំជាប្រចាំដល់គ្រប់មូលដ្ឋាន អាជីវកម្មទេសចរណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍។
ក្នុងនោះលោកបានរំលឹកថា វិធានសុវត្ថិភាពទេសចរណ៍ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍តាមប្រភេទអាជី វកម្មទេសចរណ៍នីមួយៗ។
លោក សុង តុងហាប់ បានបន្តថា នៅក្នុងខេត្តបាត់ដំបង ម្ចាស់ភោជនីយដ្ឋាន អារហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន សេវាទេសចរណ៍ប្រមាណ៥៥ (ក្នុងនោះមានសហគមន៍ទេសចរណ៍មានចំនួន៣) ដែលបានទទួលឡាប៊ែល វិធានសុវត្ថិភាពទេសចរណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចំនួនធំ។
លោកបានបញ្ជាក់ថា ឡាប៊ែល វិធានសុវត្ថិភាពទេសចរណ៍ត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់អំពីការអនុវត្តរបស់ប្រតិបត្តិការទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ក្នុងបរិបទកូវីដ-១៩ ដែលក្រសួង បានប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះរួមមាន៖ សេវាកម្មស្នាក់នៅ ទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍សេវាកម្មដឹកជញ្ជូនផ្លូវទឹក សេវាកម្មដឹកជញ្ជូនផ្លូវគោក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍។
សូមរំលឹកថា ការទទួលបាននូវឡាប៊ែលវិធានសុវត្ថិភាពទេសចរណ៍នៅពេលនេះ គឺដើម្បីបញ្ជាក់អំពីការអនុវត្តរបស់ប្រតិបត្តិករទេសចរ
ណ៍ ឆ្លើយតបនឹងលក្ខខណ្ឌរបស់ក្រសួងទេសចរណ៍ ដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ហើយនិងបន្តអនុវត្តឱ្យបាន
១០០ភាគរយ នៅខែធ្នូ ឆ្នាំ២០២០ ខាងនេះផងដែរ៕