(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៥ ឆ្នាំ២០២០ ក្រោមអធិបតីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងអភិបាល រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ។
នៅក្នុងពិធីនេះក៏មានចូលរួមពីលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ព្រមទាំងលោកលោកស្រីអភិបាលរង លោកនាយករដ្ឋបាល នាយករងរដ្ឋបាល អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង០៥ គណៈកម្មាធិការលទ្ធកម្មសង្កាត់ទាំង០៥ ស្មៀន និងមន្ត្រីដែលពាក់ព័ន្ធ។
រដ្ឋបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា បើទោះជាស្ថិតក្នុងស្ថានភាពបង្ការការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក៏រដ្ឋបាលខណ្ឌនៅតែបន្តខិតខំអភិវឌ្ឍន៍សមិទ្ធផលនានា ក្នុងមូលដ្ឋានសង្កាត់របស់យើង ពិសេសផ្តោតសំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈមូលនិធិអភិវឌ្ឍន៍សង្កាត់ ដែលតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលរាជធានីភ្នំពេញ និងទទួលបានការវិភាជន៍ថវិកាពីរាជរដ្ឋាភិបាលកម្ពុជាជារៀងរាល់ឆ្នាំ។
លោក សុខ សម្បត្តិ បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ របស់ខណ្ឌ និងផែនការសង្កាត់ នៅថ្នាក់ខណ្ឌ សម្រាប់ឆ្នាំ២០២១ បានរៀបចំឡើងតាមផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះចាំបាច់ត្រូវ មានការចូលរួមគាំទ្រពីសំណាក់ អស់លោក លោកស្រី ដើម្បីឲ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាព នៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខណ្ឌបានបន្តថា គោលបំណងនៃការរៀបចំ សិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយគម្រោង វិនិយោគ អាទិភាពបីឆ្នាំរំកិល២០២១-២០២៣ របស់ខណ្ឌ និងផ្សព្វផ្សាយ គម្រោងវិនិយោគអាទិភាព របស់សង្កាត់សម្រាប់អនុវត្តន៍ឆ្នាំ២០២១ និងស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការ ដៃគូរអភិវឌ្ឍន៍នានា និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់៕