(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុងសង្កាត់ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិតជាច្រើនបានចូលរួមបោសម្អាតតាមដងផ្លូវទីសាធារណៈ ក្នុងថ្ងៃទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត»។
ក្នុងឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ការប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទរបស់ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបមហាស្អាត» នាពេលនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទីក្រុងស្អាត និងការសម្អាតទីក្រុងនៃខេត្តក្រចេះ ឱ្យមានសោភ័ណភាពស្រស់បំព្រង សាកសមជាទីក្រុង ដែលទទួលបានជ័យលាភីផ្ការំដួល ២ទង និងបន្តយកជ័យលាភីផ្ការរំដួល៣ទង។
ទន្ទឹមនេះលោកស្រី ខាំ សុភាព ក៏បានអាននូវសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ដោយក្នុងសារលិខិតរបស់សម្ដេចតេជោ បានគូសបញ្ជាក់ថា «ក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្ត និងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ពីរ ដែលត្រូវគិតគូរស្របពេលគ្នា គឺការបង្កើនឧត្ដមភាពប្រកួតប្រជែង និងការធានានិរន្តរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះកម្ពុជា ក៏បានដាក់ចេញនៅយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋាកិច្ចល្អ ដែលជាយុទ្ធសាស្ត្រ ដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមាសបៃតង នឹងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាតបៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់»។
ទិវាជាតិ ទីក្រុងស្អាត ឆ្នាំទី៨ នៃប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» គឺជាការឆ្លុះបញ្ជាំងយ៉ាងច្បាស់ថា វិថីម្ហូបអាហារគឺជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអាចផ្ដល់នូវបទពិសោធន៍ និងការចងចាំសម្រាប់ភ្ញៀវទេសចរណ៍ ដែលជាទូទៅទេសចរណ៍ តែងប្រាថ្នាចង់ដើរកម្សាន្ត និងទទួលទានម្ហូបអាហារដែលប្រកបដោយអនាម័យ និងជឿទុកចិត្ត ខណៈដែលវិថីម្ហូបអាហារ ក៏ជាផ្នែកមួយនៃទេសចរណ៍ម្ហូបអាហារ ដែលផ្សារភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានទៅនឹងជីវភាពប្រជាជន វប្បធម៌ និងទំនៀមទម្លាប់ព្រមទាំងជួយជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារឱ្យរីកលូតលាស់បានយ៉ាងមានប្រសិទ្ធភាព។
ជាការពិតវិស័យទេសចរណ៍ និងម្ហូបអាហារមានទំនាក់ទំនងជាសារវ័ន្តពីរ គឺម្ហូបអាហារ ជាផលិតផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ដ៏ទាក់ទាញ ដូច្នេះសូមឱ្យបងប្អូនទាំងអស់ចូលរួមសំអាត និងអណាម័យនៅក្នុងទីរួមខេត្ត និងទីធ្លាបរិវេណជុំវិញសួនសាធារណៈ តាមផ្ទះបងប្អូនជាពិសេស ទិវាទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា យើងត្រូវវិចខ្ចប់ពេលបរិភោគរួច នូវកាកសំណល់ជៀសវាងបោះចោលពាស់វាលពាស់កាល ត្រូវដាក់ចូលក្នុងធុងសំរាម ដែលមាននៅជិតបំផុត ដើម្បីទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិមកកម្សាន្ត វាជាមុខមាត់ខេត្តរបស់យើង៕