(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិន នាពេលនេះមិនជាប់ពាក់ព័ន្ធបញ្ហាប្រទេសមហាអំណាចនោះទេ កម្ពុជាមិនមាននិន្នាការលំអៀងខ្លាំង ទៅរកប្រទេសណាមួយនោះទេ។
ឧបនាយករដ្ឋមន្រ្តី បានអះអាងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា៖ កម្ពុជាមានភាពជាដៃគូរយុទ្ធសាស្រ្ត ជាមួយ ចិន អាមេរិក និងជប៉ុន ដូចគ្នា អត់មានរើសអ្នកណានោះទេ។ ហើយកម្ពុជា និងចិន នឹងបន្តពង្រឹងកិច្ចសហការប្រតិបត្តិការបន្ថែមទៀត ដើម្បីធ្វើឲ្យទំហំពាណិជ្ជកម្ម រវាងប្រទេសចិន និងកម្ពុជា កើនឡើងដល់ ៥០០០លានដុល្លារនៅក្នុងឆ្នាំ២០១៧នេះ។
ប្រមុខការទូតកម្ពុជារូបនោះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាជិតជាមួយប្រទេសចិន ឆ្ងាយពីសហរដ្ឋអាមេរិក ខ្ញុំសូមបញ្ជាក់ថា អ្នកណាក៏ដឹងចិន និងជប៉ុនមានទំនាស់នៅសមុទ្រចិនខាងកើត, កម្ពុជាមានភាពជាដៃគូរយុទ្ធសាស្រ្តជាមួយសាធារណរដ្ឋប្រជាមានិតចិន, សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើទៅជប៉ុន នាយករដ្ឋមន្រ្តី ស៊ីហ្សូអាបេ ឲ្យមានភាពជាដៃគូរយុទ្ធសាស្រ្តដូចគ្នា កម្ពុជាគ្មានមានចិន និងជប៉ុនឈ្នះគ្នាទេ យើងមានភាពជាយុទ្ធសាស្រ្តដូចគ្នា។ កម្ពុជាមានភាព ជាដៃគូរយុទ្ធសាស្រ្ត ជាមួយ ចិន អាមេរិក និងជប៉ុន ដូចគ្នា អត់មានរើសអ្នកណានោះទេ»។
ការថ្លែងរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ មុនពេលប្រមុខការទូតកម្ពុជារូបនោះ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលកិច្ចប្រជុំនេះ លោក ហោ ណាំហុង គឺជាសហប្រធាន ហើយក៏ជាកិច្ចប្រជុំរៀបចំយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាផងដែរ៕
សូមស្តាប់ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី៖