(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហោះលើទំព័ររបស់ខ្លួនអំពីការចូលរួមចំណែក ជាមួយគណៈកម្មការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ក្នុងដំណើរការសង្កេតការណ៍ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
ខ្លឹមសារដែលបង្ហោះ បានបញ្ជាក់ថា ការចូលរួមចំណែករបស់ ស.ស.យ.ក ជាមួយ គ.ជ.ប នេះ គឺប្រព្រឹត្តទៅតាមរយៈ «យុទ្ធនាការពលរដ្ឋល្អ» ដែលជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំង៩ មានចែកក្នុងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៨-២០២៣ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» របស់ស.ស.យ.ក។
សកម្មភាពជាអាទិ៍របស់ «យុទ្ធនាការពលរដ្ឋល្អ» នេះ គឺការចូលរួមចំណែកតាមលទ្ធភាពជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់កម្រិត ដើម្បីជំរុញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។
សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ អ្នកសង្កេតការណ៍របស់ ស.ស.យ.ក សរុបចំនួន១,៤៥៨នាក់ នៅខេត្តចំនួន១៧ បានទទួលសេចក្តីសម្រេច អនុញ្ញាតពី គ.ជ.ប និងកំពុងបំពេញសកម្មភាពសង្កេតការណ៍ ក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងសកម្ម ខណៈរាជធានី-ខេត្តផ្សេងទៀត កំពុងរៀបចំនីតិវិធីស្នើសុំ និងរង់ចាំសេចក្តីសម្រេចជាបន្តបន្ទាប់។
ស.ស.យ.ក. បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧ តាមរយៈកិត្យានុភាព ការគាំទ្រ និងការទទួលស្គាល់ក្នុងមជ្ឍដ្ឋានយុវជន និងសង្គមស.ស.យ.ក បានដើរតួនាទីជាស្ថាប័ន ដែលមានអ្នកសង្កេតការណ៍ជាតិច្រើនជាងគេ និងចូលរួមចំណែកក្នុងការរក្សាប្រក្រតីភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ នៃដំណើរការការបោះឆ្នោតនៅកម្ពុជា៕