(កោះកុង)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគីរីសាគរ ខេត្តកោះកុង បានជំរុញឱ្យអាជ្ញាធរស្រុកគីរីសាគរ ខេត្តកោះកុង ត្រូវរិះរកគ្រប់មធ្យោបាយ និងលទ្ធភាពដែលមាន ក្នុងការកៀរគររកសប្បុរសជន ដើម្បីជួយស្ថាបនា ជួសជុលផ្លូវ និងដោះស្រាយរាល់កង្វះខាតនានា ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជួបការលំបាកក្នុងការធ្វើដំណើរ និងជីវភាពរស់នៅប្រចាំថ្ងៃក្នុងរដូវកាលកូវីដ-១៩នេះ។
ការជំរុញនេះ ខណៈដែលនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានស្តាប់ការលើកឡើងរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ពីផលលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្ត បន្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់របស់រាជរដ្ឋាភិបាល។ ដូច្នេះក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគីរីសាគរ ខេត្តកោះកុង អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ចំពោះការលើកឡើង និងសំណើររបស់ប្រជាពលរដ្ឋពីផលលំបាក ដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ ក្នុងការធ្វើដំណើរនៅតាមដងផ្លូវ ដែលមានការខូចខាតនោះ រួមនឹងកង្វះខាតទាំងឡាយក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់បងប្អូនផងដែរ។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីសាគរ ខេត្តកោះកុង អាជ្ញាធរឃុំ ស្រុក ត្រូវជួយស្វែងរកមូលនិធិ ពីសប្បុរសជន ដើម្បីជួយស្តារ ស្ថាបនាផ្លូវជូនពួកគាត់ បានធ្វើចរាចរណ៍ ចេញចូលបានងាយស្រួលក្នុងមូលដ្ឋានគាត់ ហើយជួយរកដំណោះស្រាយជូនគាត់ នៅពេលពួកគាត់មានបញ្ហាណាមួយ ព្រោះនេះ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីបំរើប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍន៍ភូមិ ឃុំ ស្រុក ខេត្ត និងប្រទេសរបស់យើងឱ្យរីកចម្រើន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរម្លឹកថា ក្នុងយុគ្គសម័យសង្គ្រាមប្រទេសកម្ពុជាខ្ទេចខ្ទីគ្មានសល់ តែឥឡូវប្រទេសកម្ពុជា មានសន្តិភាព មានសិទ្ធិសេរីភាពពេញលេញ ហើយបច្ចុប្បន្នភាពកំពុងតែមានការអភិវឌ្ឍន៍ មានភាពរីកចំរើនគ្រប់វិស័យ ដែលធ្វើឱ្យកម្ពុជាមានភាពល្បីល្បាយ នៅលើឆាកអន្តរជាតិ។
នាយឧត្តមសេនីយ៍ បានបន្ថែមថា «ប្រទេសមានសន្តិភាព មានសេរីភាពមានភាពរីកចម្រើននេះ គឺស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានកែប្រែជីវភាពរបស់ប្រជាជន មានការល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ»៕