(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវរួមគ្នាឲ្យម្ចាស់បុរី និងខុនដូទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅពេលមានបទល្មើសកើតឡើងក្នុងមូលដ្ឋាន ឬទីតាំងរបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការកំណត់មុខសញ្ញា និងឈានដល់ការបង្ក្រាប។
ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារសន្ដិសុខ សុវត្ថិភាព នៅតាមបុរី និងខុនដូក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ នេត សាវឿន និងលោក ឃួង ស្រេង បានអះអាងថា កិច្ចសហការនោះ ត្រូវផ្ដល់ទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ហើយសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូន ដោយមិនអនុញ្ញាតឲ្យទិន្នន័យត្រូវបានចែកចាយឡើយ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការពង្រឹងកិច្ចសហការរវាងម្ចាស់បុរី និងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍ឲ្យគ្នាទៅវិញទៅមក នៅពេលមានករណី មិនប្រក្រតីណាមួយកើតឡើង ដែលអាចឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។
បើតាមលោក ឃួង ស្រេង បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ មានសំណង់បុរីជាច្រើន បានរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញ ងាយកើតឡើងនូវបទល្មើសនានាដែលទាមទារឲ្យភាគីទំាង២ មានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីនោះ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះ ដែលធានាបានសន្តិសុខសុវត្ថិភាព ជូនអ្នកស្នាក់នៅ៕