(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចអនុម័តទាំងស្រុងហើយ លើ «លើសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣»។
អំពើហិង្សាលើស្ត្រី គឺជាឧបសគ្គដ៏ចម្បងដែលរារាំងដល់ការចូលរួមរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍជាតិ និងជាការដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងសង្គមផងដែរ។ រាជរដ្ឋាភិបាល ខាតបង់ថវិកាលើការចំណាយសម្រាប់សេវាសុខភាព ការបាត់បង់ផលិតភាព ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះ និងកូនៗ សេវាសង្កមកិច្ច ដើម្បបីស្ដារនីតិសម្បទាស្ត្រីរងគ្រោះ សេវាច្បាប់ និងសេវាគាំទ្រចាំបាច់មួយចំនួនទៀត។
ដូច្នេះផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ គឺជាឧបករណ៍មួយដ៏សំខាន់សម្រាប់កាត់បន្ថយអំពើហិង្សាលើស្ត្រី។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ២០១៩-២០២៣ ត្រូវបានអភិវឌ្ឍឡើងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា នៅក្នុងគោលដៅទី៥ ស្ដីពី «សម្រេចឱ្យបានសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រី និងកុមារគ្រប់រូប»។
សេចក្ដដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤រួមមាន៖ ការបង្ការទប់ស្កាត់, កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ, ច្បាប់ និងគោលនយោបាយ និង ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ។
លោក ផៃ ស៊ីផាន បានបន្ថែមថា ផែនការសកម្មភាពជាតិលើកទី៣នេះ ជាផែនទីតម្រង់ទិសសម្រាប់ក្រសួង ស្ថាប័ន អ្នកពាក់ព័ន្ធទាំងនោថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការអនុវត្តការងារបង្ការទប់ស្កាត់ ឆ្លើយតប និងដោះស្រាយអមពើហិង្សាលើស្ត្រី និងក្មេងស្រីឱ្យកាន់តែមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធខ្ពស់ ក្នុងគោលបំណងឆ្ពោះទៅកាត់បន្ថយទម្រង់នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីលើកកម្ពស់សមធម៌ និងបរិយាបន្នសង្គម ស្របនឹងទិសស្លោកនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព «មិនទុកនរណាម្នាក់ចោល»។
ក្នុងសេចក្តីព្រាងផែនការនេះ ក៏បានគូសរំលេចដែរថា ដើម្បីអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី២០១៩-២០២៣ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក ទាមទារឱ្យមានកិច្ចសហការ និងការប្ដេជ្ញាចិត្តរួមគ្នារវាងក្រសួង ស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ សំដៅប្រែក្លាយផែនការសកម្មភាពនេះ ឱ្យក្លាយទៅជាការអនុវត្តជាក់ស្ដែងទៅតាមវិស័យនីមួយៗ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ឆ្លើយតប ផ្ដល់កិច្ចអន្តរាគមន៍ និងកិច្ចការពារជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕