(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ថា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់បែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុលពន្យារបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ បន្ថែមពីលើនោះ កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។ នេះយោងបើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ដកស្រង់ប្រសាសន៍សម្តេចមកបញ្ជាក់។
សម្តេចតេជោនាយករដ្ឋមន្ថែមក្នុងកិច្ចប្រជុំនោះទៀតថា មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទាន ក៏មានសកម្មភាពរស់រវើកដូចជាការសង្គ្រោះជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ក៏។ រីឯការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្ត្រីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ។
សូមបញ្ជាក់ថា គិតមកដល់ត្រឹមព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២៨២នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៧៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥នាក់។
បើទោះបីកំពុងរងវិបត្តិជំងឺកូវីដ១៩បែបនេះក្តី តែដំណើរការនៃការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាទាំងអស់ នៅតែបន្តសកម្មភាពជាប្រក្រតី។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានកញ្ចប់ថវិកាបញ្ចេញទៅកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដូចជាការសាងសង់ផ្លូវ ៣៨ខ្សែនៅខេត្តសៀមរាប។
លើការគាំពារសង្គមវិញ រាជរដ្ឋាភិបាល នៅតែបន្តឧបត្ថម្ភថវិកា ៤០ដុល្លារក្នុងមួយខែដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបាត់បង់ការងារ។ រាជរដ្ឋាភិបាល បានសម្រេចឧបត្ថម្ភប្រាក់ ៣ខែបន្តទៀត ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបណ្តាលមកពីជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា វិបត្តិបង្កដោយកូវីដ១៩ បានធ្វើឱ្យកម្ពុជាទទួលបានពិសោធន៍ ហើយក៏ក្លាយជាឱកាសឱ្យកម្ពុជាពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ៕