(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តហើយលើ «សេចក្តីព្រាងកម្មវិធីវិនិយោគ សាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣» ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។ កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ពីឆ្នាំ២០២១ ដល់២០២៣ ត្រូវចំណាយទុនជិត ១៣ពាន់លានដុល្លារអាមេរិក។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីបានកែប្រែពាក្យពេចន៍មួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះ។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ត្រូវបានរៀបចំដោយមានកត្តាចម្បង និងស្ថានភាពជាក់ស្ដែងពីរសំខាន់ៗ គឺការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់ ដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ មានក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និង ការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
បើតាមលោក ផៃ ស៊ីផាន កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីឱ្យបានស្របតាមស្ថានភាពជាក់ស្ដែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។
លោក ផៃ ស៊ីផាន បានឱ្យដឹងថា កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ មានគម្រោងដែលត្រូវអនុវត្តន៍ប្រមាណ ៦២៩គម្រោង។ ក្នុងនោះគម្រោងចំនួន ២០៣គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនចំនួន ៨,៣៩៧លានដុល្លារអាមេរិក និងចំនួន ៤២៦គម្រោង ជាគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ ដែលត្រូវការទុនចំនួន ៤,៣៩៩លានដុល្លារអាមេរិក។
ក្នុងសេចក្តីព្រាងច្បាប់នេះ ក៏បានបង្ហាញពីការវិភាជទុនដល់គម្រោងនានាផងដែរ។ ការវិភាជទុនដល់គម្រោងនានាររបស់កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ទៅតាមវិស័យដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ២០១៩-២០២៣រួមមាន៖
១៖ ៨,៩% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច
២៖ ៣៤,២%នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច
៣៖ ៥០,១% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
៤៖ ៦,៨% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ។
លោក ផៃ ស៊ីផាន បានឱ្យដឹងដែរថា ក្នុងជំពូកទី២ នៃសេចក្តីព្រាងច្បាប់ បានបង្ហាញយ៉ាងច្បាស់លាស់អំពីវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍន៍របស់កម្ពុជា។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ទាមទារឱ្យមានការប្រឹងប្រែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត ដើម្បីធ្វើឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច(ផ.ស.ស) ក្នុងរង្វង់៧% ក្នុងមួយឆ្នាំនិងទិសដៅអាទិភាពនានា ដែលគាំទ្រប្រជាជនក្រីក្រ និងជនបទ ដូចជាអភិវឌ្ឍកសិកម្មនិងជនបទ តាមរយៈការលើកម្ពស់ផលិតភាពនិងពិពិធកម្មកសិកម្មដូចដែលបានកំណត់នូវក្នុង យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
ក្នុងសេចក្តីព្រាងច្បាប់ បានធ្វើការសន្និដ្ឋានថា កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ជាឧបករណ៍ផ្នែកគោលនយោបាយមួយដ៏សំខាន់ដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួម និងតាមវិស័យនៅក្នុងដំណាក់កាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
ក្នុងសេចក្តីសន្និដ្ឋាន ក៏បានរំលឹកដល់អាជ្ញាធរពីគ្រប់ក្រសួងស្ថាប័នបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវគុណភាពនៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈ ដែលក្រសួងស្ថាប័នត្រូវផ្តល់មកក្រសួងផែនការសម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕