(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំប្រើប្រាស់សេវាព្យាបាលជំងឺឈាមសស៊ីឈាមក្រហម មិនត្រឹមត្រូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព។
ការអំពាវនាវបែបនេះ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គម Facebook បានបង្ហោះវីដេអូមួយ បង្ហាញពីការព្យាបាលជំងឺឈាមសស៊ីឈាមក្រហមបែបបុរាណមួយ នៅខេត្តសៀមរាប ដោយប្រើប្រាស់ម្ជុលចាក់ម្រាមដៃ ហើយច្របាច់យកគ្រាប់ឈាមចេញ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការព្យាបាលបែបនេះ មិនត្រឹមត្រូវទេ សូមឱ្យប្រជាពលរដ្ឋខ្មែរកុំទៅទទួលសេវាព្យាបាលបែបនោះ។ លោកស្រីបន្តថា ការព្យាបាលជំងឺឈាមសស៊ីឈាមក្រហម មិនមែនព្យាបាលបែបនេះទេ គឺត្រូវមានការពិនិត្យឱ្យបានត្រឹមត្រូវ មុននឹងព្យាបាល។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏បានស្នើដល់អាជ្ញាធរខេត្តសៀមរាប ស្រាវជ្រាវ និងចាត់ការតាមផ្លូវច្បាប់លើជនដែលប្រព្រឹត្តបែបនេះផងដែរ។ លោកស្រី ថែមទាំងអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿទៅលើការឃោសនា ដើម្បីព្យាបាលជំងឺឈាមសស៊ីឈាមក្រហមបែបចម្លែកនេះឱ្យសោះ៕