(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់លើបុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ ទើបធ្វើដំណើរត្រឡប់ប្រទេសកូរ៉េខាងត្បូង និងករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ម្នាក់។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុខនេះបានបញ្ជាក់ថា បុរសជនជាតិខ្មែរដែលឆ្លងជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពី ប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើ តេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្ទមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបន្តថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១២៨នាក់ (ស្រី៣៣នាក់) ដែលក្នុងចំនួននេះ មានបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំខាងលើនេះដែរ។ រីឯអ្នកដំណើរចំនួន១២៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នងចំនួន២៩នាក់ និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញចំនួន៩៨នាក់។
ដោយឡែកអ្នកជំងឺព្យាបាលជាសះស្បើយ គឺជាស្ត្រីជនជាតិខ្មែរអាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង គាត់ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៨២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៧៧នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន០៥នាក់៕