(ភ្នំពេញ)៖ កម្ពុជា-ថៃ បានបន្តប្ដេជ្ញារួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដោយព្រំដែន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ជាមុននូវការរត់ពន្ធគ្រឿងឆ្លងដែន នៃប្រទេសទាំងពីរ។
ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក Jarae Pokpa ទីប្រឹក្សាអមស្ថានទូតថៃប្រចាំកម្ពុជា ទទួលបន្ទុកកិច្ចការគ្រឿងញៀង នារសៀលថ្ងៃទី៨ ខែតុលានេះ នៅទីស្ដីក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបញ្ជាក់ថា កម្ពុជា នឹងបន្តបង្កើនកិច្ចសហកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដោយព្រំដែន ជាមួយភាគីថៃបន្ថែមទៀត ដើម្បីធ្វើសកម្មភាពព្រមៗគ្នា ក្នុងការធ្វើសកម្មភាពល្បាតត្រួតពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងទិសដៅប្រែក្លាយ តំបន់ព្រំដែន ទៅជាតំបន់ ស គ្មានគ្រឿងញៀន។
នាយឧត្តមសេនីយ៍បានបន្តថា ក្រៅពីកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនយុទ្ធនាការឃោសនា ប្រមូលផ្តុំកម្លាំងគាំទ្រពីមហាជន និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ឲ្យចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែនឲ្យកាន់តែប្រសើរឡើង។
ទន្ទឹមនេះភាគីទាំងពីរ ក៏បានឯកភាពគ្នាបង្កើនសកម្មភាពស្រាវជ្រាវ ប្រមូលព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីក្តាប់ភូមិសាស្រ្តនៃការចរាចរណ៍ លួចដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ព្រំដែនទៅមក និងមានវិធានការដោះស្រាយ បង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏បានបានដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែន ដោយផ្ដោតសំខាន់លើ ដោះស្រាយ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន ឲ្យស្ថិតក្នុងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែនឲ្យកាន់តែល្អប្រសើរឡើង ដោយរួមសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ បញ្ចៀសឲ្យបាននូវឥទ្ធិពលអវិជ្ជមាននានា បណ្ដាលមកពីគ្រឿងញៀនផងដែរ។
បើតាមរបាយការណ៍ការបង្ក្រាបបទល្មើសគ្រឿង នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ពោលគិតចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧,៧៨៨ ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥,៧៧០នាក់ (ស្រី៩៨០នាក់) ក្នុងនោះមានជនបរទេស ២២៤នាក់៕