(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានព្រមានចាត់ការផ្លូវច្បាប់ លើក្រុមអ្នកទៅចាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយមានអ្នកបញ្ជាពីក្រោយ ដែលដីនោះស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានចលនានៃការចូលមកបោះរបងចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យ នៅទីតាំងដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការទប់ស្កាត់ ដោយបានធ្វើរុះរើខ្ទម និងបង្គោលរបងទាំងនោះចេញវិញ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ក្រុមប្រជាពលរដ្ឋ ដែលមានការដឹកនាំបញ្ជាពីមេខ្យល់ បានចេញមកធ្វើការតវ៉ា និងរារាំងការអនុវត្តការងាររបស់អាជ្ញាធរស្រុក ដែលជាមន្ត្រីរាជការសាធារណៈ ព្រមទាំងបាននាំគ្នាបិទផ្លូវ (វិថីសម្ដេចសង្ឃរាជ ទេព វង្ស) ធ្វើឱ្យកក់ស្ទះមិនអាចធ្វើចរាចរណ៍បាន ដែលទង្វើនេះគឺជាការបំពានលើផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ។
«រដ្ឋបាលខេត្តសូមអំពាវនាវ ដល់ប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ចូលមកចាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងចូលរួមក្នុងការប្រឆាំងតវ៉ា បិទផ្លូវសាធារណៈ សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីបងប្អូននៅតែបន្តធ្វើសកម្មភាព ដែលប្រាសចាកពីផ្លូវច្បាប់បន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងនោះឡើយ»។ នេះបើខ្លឹមសារ ក្នុងសេចក្តីប្រកាសព័ត៌មានដដែល។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា កន្លងមកមានករណីក្រុមមេខ្យល់ បានបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលបកបោះរបង ចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យនៅក្នុងទីតាំងខាងលើ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការអប់រំណែនាំឱ្យប្រជាពលរដ្ឋទាំងនោះ ចាកចេញពីទីតាំងដីរបស់រដ្ឋ និងបានធ្វើការដុះរើខ្ទម និងបង្គោលរបង ទាំងនោះចេញចំនួន ០៤លើករួចមកហើយ៕