(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលនូវព័ត៌មានមិនត្រឹមត្រូវរបស់ Facebook ឈ្មោះ Sen Sayana ដែលបានសរសេរអំពីការព្យាបាលជំងឺគ្រុនឈើក ដោយផ្សំថ្នាំខ្មែរ រួមមាន ស្លឹកត្រចៀកជ្រូក ផ្លែចេកណាំវ៉ាខ្ចី និងទឹកដូងខ្ចី។
ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសូមច្រានចោលទាំងស្រុង នូវការចុះផ្សាយព័ត៌មានមិនពិត មិនត្រឹមត្រូវ លើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានគណនីឈ្មោះ Sen Sayana ដែលបានផ្សាយព័ត៌មាន អំពីការព្យាបាលជំងឺគ្រុនឈីកជាសះស្បើយដោយប្រើថ្នាំ ខ្មែររួមមាន ស្លឹកត្រចៀកជ្រូក ផ្លែចេកណាំវ៉ាខ្ចី និងទឹកដូងខ្ចី»។
ក្រសួងបន្តថា អនុលោមតាមសេចក្ដីក្រើនរំលឹករបស់ក្រសួងសុខាភិបាល ស្ដីពីវិធានការការពារជំងឺគ្រុនឈីក (ឈីក គន់ហ្គន់យ៉ា) បានបញ្ជាក់ថា ក្នុងករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ដែលសង្ស័យថា ជាជំងឺគ្រុនឈីក ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នកបំផុត ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅភ្លាមៗដោយខ្លួនឯង ឬពន្យារពេល តាមដានព្យាបាលជំងឺក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈីកនេះ។
ក្រសួងសុខាភិបាល សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន បើមានបញ្ហាសុខភាព ចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែល នៅជិតលោកអ្នក ហើយសូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការឃោសនា បោកប្រាស់ ភូតភរ របស់គណនេយ្យហ្វេសប៊ុកឈ្មោះ Sen Sayana បែបនេះ ព្រោះវាធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាយុជីវិតរបស់បងប្អូន។
ក្រសួងសុខាភិបាល សូមឱ្យម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sen Sayana បញ្ឈប់ការផ្សព្វផ្សាយ ឬចែកចាយ ព័ត៌មានបែបនេះតទៅទៀត និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕