(ភ្នំពេញ)៖ អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ហុក គឹមចេង បានជំរុញគាំទ្រដល់កម្មវិធីជាតិ សុខភាពភ្នែក និងអង្គការជាដៃគូទាំងអស់ ជាតិ-អន្ដរជាតិ បន្ដរួមគ្នាកាត់បន្ថយអត្រាភាពពិការភ្នែកនៅកម្ពុជា ឱ្យកាន់តែទាបទៅៗ។
ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ហុក គឹមចេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍សុខភាពពិភពលោក ស្ដីពី គំហើញ និងអបអរសាទរទិវាសុខភាព ភ្នែកពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ «សុខភាពភ្នែកផ្ដល់ក្ដីសង្ឃឹម» ដែលប្រព្រឹត្ដទៅនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ នាមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
លោកសាស្ដ្រាចារ្យ ហុក គឹមចេង បានថ្លែងបន្ដថា សមិទ្ធផលកាលពីឆ្នាំ២០១៩កន្លងទៅ កម្មវិធីជាតិសុខភាពភ្នែក បានធ្វើការស្រាវជ្រាវថ្នាក់ជាតិទៅលើបញ្ហាភាពពិការភ្នែក និងគំហើញចុះខ្សោយ បានរកឃើញថា នៅកម្ពុជា អត្រាភាពពិការភ្នែកបានថយចុះត្រឹមចំនួន ០.៣៧% ហើយមូលហេតុ ចម្បងនៃការពិការភ្នែក គឺជំងឺភ្នែកឡើងបាយ ៨០.៤%។
លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា «ដូច្នេះ សូមជំរុញលើកទឹកចិត្ដ ដល់កម្មវិធីជាតិ សុខភាពភ្នែក អង្គការដៃគូ ជាតិ-អន្ដរជាតិ និងអង្គការមនុស្សធម៌កន្លងមក បន្ដរួមគ្នាដាក់ចេញនូវយុទ្ធសាស្ដ្រ បន្ថែមទៀត រួមទាំងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានយល់ច្បាស់ និងមកទទួលសេវាព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យ ជាពិសេស ពលរដ្ឋក្រីក្រ មកទទួលសេវាពិនិត្យព្យាបាល ដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌របស់ រាជរដ្ឋាភិបាលកម្ពុជា»។
លោកអគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលរូបនេះ បានបន្ដថា «កម្មវិធីជាតិសុខភាពភ្នែក ជាសេនាធិការដ៏សំខាន់ និងបានដាក់ចូលទៅក្នុងផែនការយុទ្ធសាស្ដ្ររបស់ក្រសួងសុខាភិបាល គឺកម្មវិធីជំងឺមិនឆ្លង ដោយក្រសួងបានយកចិត្ដទុក្ខដាក់ខ្ពស់ ដោយធ្វើយ៉ាងណាឱ្យប្រជាជនតាមជនបទ ក៏ដូចជានៅទូទាំង ទទួលបានសេវាពិនិត្យព្យាបាលសុខភាពភ្នែកនេះ ឱ្យបានគ្រប់ៗគ្នា»។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិ សុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត បានថ្លែងថា «គិតត្រឹមឆ្នាំ២០១៩កន្លងទៅ កម្មវិធីជាតិ សុខភាពភ្នែកនៃក្រសួងសុខាភិបាល បានផ្ដល់សេវាថែទាំ និងពិនិត្យជំងឺក្រៅ ជាង៣០ម៉ឺននាក់ ការវះកាត់ភ្នែកឡើងបាយ ជាង៨ម៉ឺននាក់»។
លោកសាស្ដ្រាចារ្យបន្ដទៀតថា បើតាម ការសង្កេតស្រាវជ្រាវ «ស្ដ្រីងាយប្រឈម នឹងជំងឺបាយភ្នែកជាងគេ រហូតដល់ទៅ៦៥% នៅវ័យលើសពី៥០ឆ្នាំតាមឡើងទៅ ដោយសារតែស្ដ្រីមិនសូវមកទទួលសេវាពិនិត្យថែទាំភ្នែក»។ ដូចនេះ ការប្រារព្ធពិធីអបអរសាទរ ទិវាសុខភាពភ្នែកពិភពលោកនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសុខភាពភ្នែក ជាពិសេសការការពារ និងថែរក្សាភ្នែកឱ្យបានល្អ។ ក្នុងឱកាសនេះដែរ នៅតាមមន្ទីរពេទ្យភ្នែកដែលមានអគារចក្ខុរោគបម្រើការ នឹងធ្វើការពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃផងដែរ។
សូមជម្រាបថា ជំងឺភ្នែកឡើងបាយ គឺជាការស្រអាប់កែវភ្នែក ដែលបណ្ដាលមកពីជរាភាព និងជំងឺផ្សេងៗជាហេតុធ្វើឱ្យកាំពន្លឺរូបភាពមិនអាចឆ្លងកាត់ទៅដល់សរសៃបាតភ្នែក ដែលជាហេតុធ្វើឱ្យគំហើញថយចុះ ហើយជាមូលហេតុ ចម្បងនៃភាពពិការភ្នែកនៅកម្ពុជា៕