(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានគណបក្សនយោបាយចំនួន៦ បានចូលរួមប្រជុំផ្សព្វផ្សាយគណបក្សនយោបាយ និងភាគីពាក់ព័ន្ធសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ក្នុងខេត្តបន្ទាយមានជ័យ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំគណកម្មាធិការរៀបចំកាបោះឆ្នោតខេត្ត។
គណបក្សនយោបាយទាំង៦ រួមមាន៖ គណបក្សហ្វ៊ុនស៉ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែរឈប់ក្រ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, និងគណបក្សខ្មែរស្រឡាញ់ជាតិ។
លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងកិច្ចប្រជុំថា ដើម្បីផ្សព្វផ្សាយដល់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។
លោក យ៉ង់ សក្តិ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ខេត្តបន្ទាយមានជ័យមានឈ្មោះ និងបញ្ជីបោះឆ្នោតស្រុកទូទាំងខេត្ត ៨៧.៣៣០នាក់ អ្នកមានអត្តសញ្ញាណប័ណ្ណប្រភេទ៣ ចំនួន២៤.២៤៣នាក់ អ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណប្រភេទ៣ មានចំនួនសរុប ៣៩.០៤០នាក់ អ្នករកមិនទាន់ឃើញឈ្មោះសរុប ២៤.០៤៧នាក់។
លោកបានបញ្ជាក់ទៀតថា ខេត្តបន្ទាយមានជ័យ មានឃុំសង្កាត់ចំនួន៦៥។ ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នោះ អត្តសញ្ញាណប័ណ្ណប្រភេទ១ និងប្រភេទទី ២ អស់សុពលភាពហើយ គឺប្រើបានតែអត្តសញ្ញាណប័ណ្ណប្រភេទ៣ តែប៉ុណ្ណោះទើបអាចចុះឈ្មោះបាន។ ប្រជាពលរដ្ឋដែលអាចចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០បាន ចាប់ពីអាយុ ១៨ឆ្នាំឡើង នៅក្នុងសង្កាត់ដែលខ្លួនរស់នៅ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព៕