(ព្រៃវែង)៖ វេទិកាពិភាក្សាការងារ លើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ «ការជំរុញសហគ្រិនវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម» ត្រូវបានរៀបចំធ្វើឡើង ជាមួយរដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពលោកស្រី ចម និម្មល សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក ថ្នាក់កណ្ដាល និងជាប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុផ្គត់ផ្គង់ និងជំរុញសហក្រិនភាព និងលោក សួន សុម៉ាលីន អភិបាលរងខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធជាច្រើនរូប នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។
លោក សួន សុម៉ាលីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ស.ស.យ.ក ក្នុងការសហការជាមួយនឹងអាជ្ញាធរខេត្ត ដើម្បីជំរុញសហគ្រិនវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងខេត្តព្រៃវែង ដើម្បីជួយពង្រឹងគុណភាពផ្នែកបច្ចេកទេស ដល់យុវជនក្នុងការបង្កើតនូវផលិតផលក្នុងស្រុក ជាពិសេសគឺវិស័យកសិកម្ម ដោយនៅក្នុងខេត្តព្រៃវែង វិស័យកសិកម្មគឺមានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ទាំងនេះគឺជាផ្នែកមួយ ក្នុងការចូលរួមចំណែកកាត់បន្ថយ ចំណាកស្រុក ក៏ដូចជាបង្កើតនូវការងារដល់យុវជន ក៏ដូចជាកសិករ នៅក្នុងខេត្តព្រៃវែងផងដែរ។
ជាមួយគ្នានេះ លោកស្រី ចម និម្មល បានលើកឡើងថា កិច្ចប្រជុំនេះ មានគោលបំណង ផ្តល់ឱកាសដល់យុវជន សិស្សនិស្សិត អាជីវករ ពាណិជ្ជករ ក្នុងសហគមន៍ ដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ និងចំណេះដឹងថ្មីៗ ជាមូលដ្ឋានគ្រឹះសម្រាប់តម្រងទិស ទៅចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពជោគជ័យ។
លោកស្រីបានបន្តថា វេទិកានេះ ក៏ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗ ពាក់ព័ន្ធទៅលើឱកាសឈាន ទៅរកភាពជោគជ័យក្នុងអាជីវកម្ម ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទៅដល់យុវជន និងម្ចាស់អាជីវកម្ម។ បំផុសគំនិតក្នុងការចាប់យកឱកាសដើម្បីបង្កើតអាជីវកម្ម និងការអភិវឌ្ឍអាជីវកម្ម ស្របតាមបរិបទ និងតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់សហគ្រិន ក្នុងកសិកម្ម និងកសិ-ឧស្សាហកម្ម។ ហើយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមភាពយុវជន និងសហគ្រិនភាពសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
លោកស្រីក៏រំពឹងទុកថា យុវជន យុវនារី និងម្ចាស់អាជីវកម្ម បានយល់ដឹង និងទទួលបាននូវចំណេះដឹងថ្មី និងបទពិសោធន៍ល្អៗ ព្រមទាំងគំនិតអាជីវកម្មល្អៗ ពីសហគ្រិន ដែលជោគជ័យ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្ត គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិ ដើម្បីអភិវឌ្ឍយុវជននៅសហគ្រិនភាព នៅទូទាំង ២៥ រាជធានីខេត្តនៃប្រទេសកម្ពុជា ដោយផ្ដោតការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕