(ភ្នំពេញ)៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២០នេះ នៅកម្ពុជាមានការសម្អាតប្រាក់ ១៤០ករណី ហើយមានសំណុំរឿងចំនួន២២ ត្រូវបានបញ្ជូនទៅតុលាការ ដែលចំណុចនេះតិចតួចបំផុត។
លោកបានឲ្យដឹងបែបនេះ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអង្គភាពប្រឆាំងអំពើពុករលួយ សហការជាមួយក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលាស្តីពី «ការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស» នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ឱម យ៉ិនទៀង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គិតត្រឹមខែមិថុនា ឆ្នាំ២០២០ មានករណីសម្អាតប្រាក់ចំនួន ១៤០ករណី បាននិងកំពុងស៉ើបអង្កេត ហើយមានសំណុំរឿងចំនួន២២ ត្រូវបានបញ្ជូនទៅតុលាការ ដោយមានការឃាត់ទុក និងបង្កកទ្រព្យសម្បត្តិមួយចំនួន ដែលនៅក្នុងនោះមានសំណុំរឿងចំនួន៥ បានជំនុំជម្រះហើយ ដែលអាចនឹងមានសាលក្រម/សាលដីកាស្ថាពរ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអនុវត្តន៍ការរឹបអូសបាន»។
លោកបានបន្តថា ក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយ និងការប្រឆាំងការសម្អាតប្រាក់ កម្ពុជាមានកាតព្វកិច្ចអន្តរជាតិ ដែលត្រូវបំពេញ។ ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ កម្ពុជាបានទទួលការវាយតម្លៃ ការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ ហើយការទទួលការមកត្រួតពិនិត្យ ដល់ប្រទេសកម្ពុជា របស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងប្រទេសចំនួន២ គឺអេស្វានី និងថៃ កាលពីថ្ងៃទី៣០, ៣១ ខែវិច្ឆិកា និង ០១ ខែតុលា ឆ្នាំ២០១៩។
ចំពោះការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) កម្ពុជាត្រូវទទួលរងការត្រួតពិនិត្យ ការអនុវត្តពីក្រុមការងារហិរញ្ញវត្ថុ (FATF) តាមរយៈក្រុមអាស៉ីប៉ាស៉ីហ្វិក (APG) នៅឆ្នាំ២០១៧។ លទ្ធផលនៃការត្រួតពិនិត្យទាំង២ (ការត្រួតពិនិត្យការអនុវត្ត UNCAC និង AML/CFT) បានបង្ហាញថា ពាក់ព័ន្ធនឹងការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស នៅកម្ពុជាមានការខ្វះខាតមួយចំនួនដូចជា៖ ១៖ ខ្វះច្បាប់ស្តីពីការគ្រប់គ្រង និងចាត់ចែងផលនៃបទល្មើស, ២៖ មិនទាន់មាននីតិវិធី ឬយន្តការច្បាស់លាស់ក្នុងការគ្រប់គ្រង ចាត់ចែងផលនៃបទល្មើស, ៣៖ មិនទាន់មាននីតិវិធី ឬយន្តការច្បាស់លាស់ ក្នុងការអនុវត្តការការស្នើសុំបញ្ជូនទ្រព្យពាក់ព័ន្ធបទល្មើសទៅបរទេស, ៤៖ ការយល់ដឹងពីការគ្រប់គ្រង ការចាត់ចែង ការរឹបអូសផលនៃបទល្មើស និងការបញ្ជូនមកវិញនូវផលនៃបទល្មើស ដែលត្រូវរឹបអូសនៅមានកម្រិត, ៥៖ ការអនុវត្តការឃាត់ទុក ការបង្កក និងការរឹបអូសផលនៃបទល្មើស នៅមានកម្រិតនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់។
ផ្អែកលើលទ្ធផល នៃការត្រួតពិនិត្យនេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ FATF បានដាក់កម្ពុជាក្នុងបញ្ជីពណ៌ប្រផេះជាផ្លូវការ និងបានដាក់ផែនការសកម្មភាព ចំនួន១៤ចំណុចឲ្យកម្ពុជាអនុវត្តន៍ ដើម្បីឲ្យកម្ពុជាចាកចេញពីបញ្ជីប្រផេះ។ ក្នុង១៤ចំណុចនោះ ពាក់ព័ន្ធនឹងការគ្រប់គ្រង ចាត់ចែង និងរឹបអូសផលនៃបទល្មើស (IO8) APG តម្រូវឲ្យកម្ពុជា៖ ១៖ ពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា ចៅក្រម និងមន្ត្រីពាក់ព័ន្ធពីការកំណត់អត្តសញ្ញាណទ្រព្យពាក់ព័ន្ធបទល្មើស ការគ្រប់គ្រង ចាត់ចែង និងរឹបអូសផលនៃបទល្មើស និង២៖ ត្រូវបង្ហាញឲ្យឃើញពីកំណើននៃការឃាត់ទុក ការបង្កក និងការរឹបអូសផលនៃបទល្មើស មធ្យោបាយ ប្រព្រឹត្តបទល្មើស ឬទ្រព្យសម្បត្តិ ដែលមានតម្លៃស្មើ។
លោក ឱម យ៉ិនទៀង បានឲ្យដឹងបន្តថា ចំណុចទាំង២នេះ កម្ពុជាបានខិតខំអនុវត្តន៍ដោយទទួលបានផលជាផ្លែផ្កា ដោយការបង្កើនសមត្ថភាពបានពិន្ទុ អនុវត្តន៍ស្ទើរពេញលេញ ប៉ុន្តែចំពោះកំណើននៃការឃាត់ទុក ការបង្កក និងការរឹបអូសផលនៃបទល្មើស មធ្យោបាយ ប្រព្រឹត្តបទល្មើស ឬទ្រព្យសម្បត្តិដែលមានតម្លៃស្មើ មិនទាន់បានពិន្ទុល្អទេ ដោយសារកម្ពុជាមិនទាន់មានករណីរឹបអូសស្ថាពរ និងការអនុវត្តរឹបអូសទាំងនោះ ពាក់ព័ន្ធបទល្មើសម្អាតប្រាក់នៅឡើយ។ ហើយនៅខ្វះខាតក្របខណ្ឌច្បាប់ វិធាន ឬវិធីសាស្ត្រសម្រាប់អនុវត្តន៍យន្តការអនុវត្ត និងសមត្ថភាពក្នុងការអនុវត្ត ដើម្បីប្រសិទ្ធភាពនូវការគ្រប់គ្រង ចាត់ចែង និងរឹបអូសផលនៃបទល្មើស។
លោកបន្ថែមថា ចំណុចនេះ ជាបញ្ហាប្រឈមមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចេញពីបញ្ជីពណ៌ប្រផេះ (ការពារចុងក្រោយនៅខែមករា /កុម្ភៈ ឆ្នាំ២០២១)។ ប្រសិនបើពិនិត្យលើការអនុវត្តជាក់ស្តែងវិញ កម្ពុជាធ្លាប់បានអនុវត្តន៍តិចតួច /មិនធ្លាប់បានអនុវត្តន៍ការរឹបអូស ហើយការគ្រប់គ្រងទ្រព្យដែលបានឃាត់ទុក និងបង្កក ក៏នៅមិនទាន់ល្អ បណ្តាលឲ្យបានការខាតបង់ថវិកាជាតិជាច្រើន៕