(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រវាងរថយន្តក្រុងដឹកកម្មកររោងចក្រ បុកជាមួយរថយន្តកុងតឺន័រម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-7910 សឺមីរ៉ឺម៉ក ពណ៌ទឹកប៊ិច ពាក់ស្លាកលេខព្រះសីហនុ 4A-3483 បើកបរដោយឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដូង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រីឯរថយន្តក្រុងដឹកកម្មកររោងចក្រ ម៉ាក HYUNDAI ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3B-4649 ដឹកកម្មកររោងចក្រមកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ មកធ្វើការនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រីឯអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានចុះរត់គេចខ្លួនបាត់ផងដែរ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យខូចខាតរថយន្តទាំងពីរគ្រឿង និងរងរបួសមនុស្ស ១៥នាក់ (ស្រាល) ស្រីទាំងអស់ ដែលជាកម្មកររោងចក្រ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មូលហេតុគឺបណ្ដាលមកពីការបើកបរខ្វះការទទួលខុសត្រូវ ដោយបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ដោយឡែក រថយន្តទាំង២គ្រឿង ត្រូវបានអូសយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ រង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីនៅពេលក្រោយ៕