(ភ្នំពេញ)៖ ជនសង្ស័យ៩នាក់ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ និង នគរបាលប៉ុស្ដិ៍ជ្រោយចង្វារឃាត់ខ្លួន និងរកឃើញគ្រឿងញៀន ចំនួន៥កញ្ចប់ នៅ ល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខវត្តគៀនឃ្លាំង ក្រុម៣ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនត្រូវសង្ស័យទាំង៩នាក់រួមមាន ទី១. ឈ្មោះ ណេត លារ៉េត អាយុ២៤ឆ្នាំ មានមុខរបរជាកសិករស្នាក់នៅ ភូមិកំពង់ដំរី ឃុំព្រែកតាម៊ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី២. ឈ្មោះ លី ឈាងម៉េង អាយុ១៩ឆ្នាំ ជានិស្សិត ស្នាក់នៅ ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី៣. ឈ្មោះ ថា វុទ្ធី អាយុ២០ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ទី៤. ឈ្មោះ ហែម ទូច អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ទី៥. ឈ្មោះ ឆាយ ម៉េងធាន អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌពោធិ៍សែនជ័យ ទី៦. ឈ្មោះ សោម សុវណ្ណារិទ្ធ អាយុ២៣ឆ្នាំ ជានិស្សិតស្នាក់នៅ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ទី៧. ឈ្មោះ ម៉ិច មករា អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ ទី៨. ឈ្មោះ ហេង បញ្ញា អាយុ១៨ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៩. ឈ្មោះ យ៉េន លីហ៊ៅ អាយុ២៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។
អធិការងខណ្ឌជ្រោយចង្វារ ទទួលផែនព្រហ្មទណ្ឌលោក ឯក សេរីវុធ បានឲ្យដឹងថា បន្ទាប់ពីទទួលបានផែនការពី អធិការនគរបាលខណ្ឌជ្រោយចង្វារ លោក សៀម សុត្ថាវុធ បានដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ និងដើម្បីរក្សាសន្តិសុខសុវត្ថិភាពផ្សេងៗ ក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវជាតិលេខ៦នោះ កម្លាំងរបស់លោក ក៏បានប្រទះឃើញយុវជនជិះម៉ូតូ៤គ្រឿងមានបក្ខពួក៩នាក់ ជិះឆ្លងកាត់។ ពេលនោះ ដោយកម្លាំងសមត្ថកិច្ចមានការសង្ស័យ ក៏បានឃាត់ឆែកឆេររកឃើញថ្នាំក្រាមសថ្លា ជាប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ថង់តូច ដែលក្រុមយុវជនទាំងនោះ បានរក្សាទុបម្រុងធ្វើសកម្មភាពប្រើប្រាស់។ បច្ចុប្បន្នក្រុមយុវជនទាំង៩នាក់ រួមនិងវត្ថុតាងកំពុងសួរនាំ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំចាត់ការតាមនីតិវិធីច្បាប់៕