(កំពង់ឆ្នាំង)៖ ដោយសារកើតមាននូវបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាបយ៉ាងច្រើន ទាំងក្នុងរដូវបើកនេសាទក៏ដូចជា រដូវបិទនេសាទនោះនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ បានដឹកនាំសិស្សចៅក្រមកម្មសិក្សាជំនាន់ទី៩ និងសិស្សចៅក្រមផ្ទៃក្នុង នៃរាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ ចុះអនុវត្ត និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេរសាប នៃខេត្តទាំងពីរ និងដើម្បីឱ្យសិស្សកម្មសិក្សា បានស្វែងយល់ កាន់តែច្បាស់អំពីទិដ្ឋភាពក្នុងការបង្រាបបទល្មើសជាក់ស្តែង ថាតើមានបញ្ហាប្រឈម និងផលវិបាកយ៉ាងដូចម្ដេចខ្លះក្នុងការអនុវត្តចាក់ស្តែង។
កាចុះអនុវត្តការបង្ក្រាបបទល្មើសនេសាទជាក់ស្តែងនេះ ដឹកនាំដោយអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានលោក អ៊ិត សុធា ព្រះរាជអាជ្ញា និងលោក តេង រតនា ប្រធានសាលាដំបូង រួមជាមួយលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា និងលោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ ព្រមទាំងចូលរួមពីកម្លាំងកងរាជអាវុធហត្ថ និងរដ្ឋបាលជលផលខេតកំពង់ឆ្នាំង និងខេត្តកំពង់ធំផងដែរ។
សូមបញ្ជាក់ថា ចំពោះខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយនៅជាប់ដៃទន្លេសាប ដែលសម្បូរដោយមច្ឆាជាតិគ្រប់ប្រភេទ ដោយហេតុនេះហើយទើបធ្វើឱ្យកើតមានបទល្មើស នេសាទ ខុសច្បាប់កើនឡើងទាំងរដូវបិទនេសាទ ក៏ដូចជា រដូវបើកនេសាទ ទន្ទឹមនឹងនោះក៏មានការបង្រ្កាបពីកម្លាំងជំនាញជាញឹកញាប់ផងដែរ នៅតែមានការប្រព្រឹត្ត បទល្មើសពីជនខិលខូចមួយចំនួន ដោយពួកគេហាក់ដូចមិនញញើត និងច្បាប់ស្ដីពីជលផលនោះឡើយ។
ទាំងព្រះរាជអាជ្ញា និងលោកប្រធានសាលាដំបូងទាំងពីរខេត្ត បានផ្តាំផ្ញើដល់សិស្សចៅក្រមកម្មសិក្សា បង្កើនការយកចិត្តទុកដាក់ក្នុងរយៈពេលធ្វើកម្មសិក្សា៦ខែនេះ ធ្វើយ៉ាងណាពង្រឹងសមត្ថភាព ឱ្យខ្លាំង មុននឹងចេញបំរើការនៅក្នុងអង្គភាពស្ថាប័នយុត្តិធម៌ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះផងដែរ លោកព្រះរាជអាជ្ញាទាំងពីរ ក៏ដូចជា លោកប្រធានតុលាការទាំងពីរខេត្ត បានធ្វើការផ្តាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋដែលរកស៊ីនេសាទត្រី សុំធ្វើយ៉ាងណាកុំប្រើប្រាស់នូវ ឧបករណ៍នេសាទណា ដែលច្បាប់បានហាមឃាត់ត្រូវតែចៀសវាងដាច់ខាត ដើម្បីកុំឲ្យខាតបង់ពេលវេលានិងថវិកា ព្រោះថានៅពេល ដែលសមត្ថកិច្ចចុះធ្វើការបង្ក្រាបម្តងៗ គឺត្រូវតែបំផ្លាញចោល ឬដកហូតនូវឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់នោះដោយមិនប្រគល់ឲ្យវិញឡើយ៕