(ភ្នំពេញ)៖ ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឧត្តមសេនីយ៍ទោសុខ សុគន្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកស្រីរួមទាំងសប្បុរសជន នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានរួមគ្នាចែកសម្ភារសិក្សាដល់សិស្សចំនួន ៤០០នាក់ នៅក្នុងសាលាបឋមសិក្សាវត្តកំពែង ព្រមទាំងប្រគេនត្រៃលាង និងបច្ច័យដល់វត្តកំពែង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារសិក្សា ដែលនាំយកទៅចែកជូននាពេលនេះរួមមានសិស្សម្នាក់ទទួលបានសៀវភៅសរសេរម្នាក់ ៥ក្បាល, បុិចសរសេរម្នាក់ ៥ដើម, ខ្មៅដៃម្នាក់ ២ដើម, បន្ទាត់ និងជ័រលុប និងម្នាក់ ៥ពាន់រៀល ចំណែកលោកគ្រូអ្នកគ្រូចំនួន៨រូប ក្នុងម្នាក់ៗ ទទួលបានថវិកាបួនម៉ឺនរៀល និងឧបត្ថម្ភកង្ហារហាត់តារីព្យួរជញ្ជាំង និងបញ្ឈរតាមបន្ទប់ចំនួន ២០គ្រឿង ទូរសម្រាប់ដាក់ឯកសារក្នុងទីចាត់ការចំនួន ០១សម្រាប់ សាលាផងដែរ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សុខ សុគន្ធា និងលោកស្រី បានប្រគេនព្រះសង្ឃ ព្រះចៅអធិការវត្ត សម្រាប់ធ្វើបុណ្យកឋិននាពេលខាងមុខ បានប្រគេនត្រៃធំមួយឈុត និងបច្ច័យចំនួន ១,០០០ដុល្លារ ផងដែរ។
ព្រមទាំងបន្តចុះត្រួតពិនិត្យសមិទ្ធផលរបស់លោកដែលបានកសាងក្នុងវត្តកំពែង នាឱកាសកន្លងមកក្នុងនោះរួមមាន៖ ដើមឈើដែលបានដាំដើម្បីរក្សាបរិស្ថានក្នុងវត្ត ស្រះទឹក ហេដ្ឋារចនាសម្ព័ន្ធ ក្នុងវត្ត ដូចជា៖ រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧, រូបសំណាក់ស្ដេចកន, រូបសំណាក់ព្រះសង្ឃដឹកដៃសិស្ស ក្លោងទ្វារវត្តជាដើម៕