(ក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងរវាងរថយន្តកាមរីស្វិត ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A: 2100 បុកជាមួយម៉ូតូពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យភាគីខាងម៉ូតូមួយគ្រួសារគ្នា៣នាក់មាន ឪពុក ម្ដាយ និងកូនតូចម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិ៧ ក្រចេះ ស្ទឹងត្រែង ចំណុចស្ពានតាកុត នៅភូមិសង្គម ឃុំសណ្ដាន់ ស្រុក សំបូរ ខេត្តក្រចេះ។

តាមប្រភពអ្នកនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តកាមរីស្វិតពណ៌ខៀវ បើកមកពីជើងទៅត្បូង បោះពួយយ៉ាងលឿនដល់ចំណុចកើតហេតុរថយន្ត បានវ៉ារថយន្ត ធំមួយគ្រឿង វ៉ាឆេ្វងដៃ រីឯម៉ូតូបើកពីត្បូងទៅជើង ក៏បានវ៉ារម៉កឆ្វេងដៃដែរ ក្នុងទិសដៅបញ្ជ្រាសគ្នា បណ្ដាលឲ្យបុកគ្នាពេញទំហឹងតែម្ដងទៅ។

តាមរបាយការណ៍នគរបាលស្រុកសំបូរបានឲ្យដឹងថា រថយន្ដបង្កអ្នកបើកបរឈ្មោះ ផល ដែន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិដីសម្បទានកាកុដ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។

ចំណែកជនរងគ្រោះអ្នកបើកម៉ូតូ ឈ្មោះ សំរឿន ផល្លា ភេទប្រុស អាយុ ២៦ឆ្នាំ និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ចាន់ ឌឿន អាយុ១៩ឆ្នាំ និងកូនប្រុសអាយុ១ឆ្នាំ បានស្លាប់ទាំងបីនាក់។ ហើយអ្នកទាំង៣មានទីលំនៅភូមិដារ ឃុំដា ស្រុកចិត្តបុរី ខេត្តក្រចេះ។

បច្ចុប្បន្នសពទាំងបីនាក់ឪពុក ម្ដាយ និងកូន បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ដ និងម៉ូតូ ត្រូវបាននគរបាលជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំបូរ៕