(ភ្នំពេញ)៖ អ្នកសារព័ត៌មានកម្លាំងមនុស្សធម៌ម្នាក់ ត្រូវបានអ្នកជិះម៉ូតូបញ្ច្រាស់ផ្លូវទាញយកទូរស័ព្ទម៉ាក iPhone 6Plus បោកចោល នៅពេលចុះជួយសម្រួលចរាចរណ៍តាមដងផ្លូវ ដែលកំពុងកកស្ទះ នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅត្រង់មុខសាលាណតប្រ៊ីដតាមផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
អ្នកសារព័ត៌មាន ដែលត្រូវបានអ្នកជិះម៉ូតូទាញយកទូរស័ព្ទបោកចោលនោះ បានប្រាប់ឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃ ក្រុមរបស់ពួកគាត់ គឺកម្លាំងសារព័ត៌មានមនុស្សធម៌ តែងតែដើរជួយសម្រួល ចរាចរណ៍នៅតាមដងផ្លូវ ដែលកកស្ទះនានា ក្នុងរាជធានីភ្នំពេញ។ ហើយនៅល្ងាចថ្ងៃនេះ មុនកើតហេតុ ពួកគេបានចុះមកសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុខាងលើ ប៉ុន្តែនៅពេល ដែលជួយសម្រួលចរាចរណ៍បានជិតមួយម៉ោង ក៏បានឃើញបុរសវ័យ កណ្តាលម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ViVa មកបញ្ច្រាស់ផ្លូវ ធ្វើឲ្យស្ទះដល់គេ ដល់ឯង។ ឃើញរូបលោករត់ទៅឃាត់ កុំឲ្យជិះរបៀបនេះ ពីព្រោះផ្លូវកំពុងតែស្ទះផងតែបុរសដែលជិះម៉ូតូនោះ មិនស្តាប់ទេនៅតែប្រឹងព្យាយាម ជិះមកមុខទៀត ដោយនិយាយមិនស្តាប់ អ្នកសារព័ត៌មានរូបនោះ បានទាញទូរស័ព្ទមកថតសកម្មភាព ជិះម៉ូតូបញ្ច្រាស់ផ្លូវ ទុករាយការណ៍ទៅប្រាប់គោលដៅថា ស្ទះផ្លូវមកពីមនុស្សមួយចំនួន មិនគោរពច្បាប់ចរាចរណ៍ តែថតមិនទាន់បាន១នាទីផង ស្រាប់តែអ្នកជិះម៉ូតូរូបនោះ ខឹងបានទាញទូរស័ព្ទរបស់គាត់ បោកចោលទៅលើថ្នល់ បណ្តាលឲ្យបែកអេក្រង់ខ្ទេចតែម្តង។
ក្រោយកើតហេតុ ត្រូវបាន សមត្ថកិច្ចចុះមកនាំយក អ្នករងគ្រោះ និងអ្នកបង្កទៅដោះស្រាយគ្នា នៅប៉ុស្តិ៍ដើម្បីបញ្ចប់រឿង៕
Posted by Fresh News Photo on Tuesday, February 2, 2016