(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តប្រឹងប្រែងអនុវត្តន៍ផែនការសកម្មភាពទាំង ១៤ចំណុច ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់។ នេះបើតាមលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ បានសហការជាមួយក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលាស្តីពី «ការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស» ដោយមានការចូលរួមពី១៩ក្រសួង និង៥ស្ថាប័ន។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឲ្យដឹងថា ប្រធានបទនេះ គឺជាផែនការសកម្មភាពទី៨ ក្នុងចំណោមផែនការសកម្មភាពទាំង១៤ ដែលក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ណែនាំឲ្យកម្ពុជាអនុវត្តន៍ ក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ បន្ទាប់ពីខ្លួនដាក់កម្ពុជាក្នុងបញ្ជីពណ៌ប្រផេះជាលើកទី២ កាលពីឆ្នាំ២០១៩។
លោកបានលើកឡើងក្នុងសិក្ខាសាលានោះថា ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) គឺជាការងារស្មុគស្មាញ ដែលមានការពាក់ព័ន្ធនឹងទិដ្ឋភាពបច្ចេកទេសផង និងទិដ្ឋភាពនយោបាយផង។ នៅតំបន់អាស៉ីប៉ាស៉ីហ្វិក ក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក ស្ដីពីការសម្អាតប្រាក់ (APG) ជាអ្នកត្រួតពិនិត្យលើការងារការប្រឆាំងការសម្អាតប្រាក់ សម្រាប់ប្រទេសក្នុងតំបន់ រួចរាយការណ៍ទៅ FATF ។ ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យ ប្រទេសដែលមានក្របខណ្ឌច្បាប់ គោលនយោបាយ ស្ថាប័ន និងលទ្ធផលនៃការងារ AML/CFT មិនល្អ នឹងត្រូវដាក់ចូលក្នុងបញ្ជីពណ៌ប្រផេះ ឬបញ្ជីខ្មៅ ដែលនឹងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមាន ដល់កេរ្តិ៍ឈ្មោះ ប្រព័ន្ធហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស។
លោកបន្តថា ចំពោះប្រទេសកម្ពុជា ធ្លាប់ត្រូវបានវាយតម្លៃការអនុវត្ត AML/CFT ចំនួន២ដង គឺនៅឆ្នាំ២០០៧ និងឆ្នាំ២០១៧។ លទ្ធផល នៃការវាយតម្លៃឆ្នាំ២០១៧ មើលឃើញថា ក្របខណ្ឌគោលនយោបាយច្បាប់ ស្ថាប័ន និងការអនុវត្តរបស់កម្ពុជា នៅខ្វះខាត រួមមានការយល់ដឹងពីការងារសម្អាតប្រាក់ ការស៉ើបអង្កេត ការចោទប្រកាន់ កាត់ទោស ការរឹបអូសផលនៃបទល្មើស និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ហើយបានផ្តល់អនុសាសន៍សម្រាប់កម្ពុជាអនុវត្តន៍ ដោយទុកពេល ១ឆ្នាំ ដើម្បីឲ្យកម្ពុជាអនុវត្តន៍អនុសាសន៍ទាំងនោះ ក្នុងការធ្វើឲ្យប្រសើរឡើង នូវការងារ AML/CFT។
«កម្ពុជាបានខិតខំធ្វើការងារច្រើន រួមទាំងការបង្កើតក្រុមការងារ ការរៀបចំយុទ្ធសាស្ត្រ ការរៀបចំក្របខណ្ឌច្បាប់ ការស៉ើបអង្កេត និងការចោទប្រកាន់ជាដើម ក្នុងការងារ AML/CFT»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង។
FATF បានដាក់កម្ពុជាក្នុងបញ្ជីពណ៌ប្រផេះលើកទី២ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ ទន្ទឹមនឹងការដាក់កម្ពុជាក្នុងបញ្ជីពណ៌ប្រផេះលើកទី២ FATF ថែមទាំងបានកំណត់ផែនការសកម្មភាពមួយដែលមាន ១៤ចំណុច ដើម្បីណែនាំឲ្យកម្ពុជាអនុវត្តន៍។ ផែនការសកម្មភាពនេះ បានតម្រូវឲ្យកម្ពុជាធ្វើវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំងការម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីបន្ថែមនូវខ្លឹមសារសំខាន់ៗ រួមមាន៖ ១. ការកំណត់ឲ្យបានច្បាស់លាស់នូវនិយមន័យ នៃពាក្យបច្ចេកទេស, ២. ការបញ្ជាក់បន្ថែមពីនីតិវិធី នៃការយកចិត្តទុកដាក់ស្គាល់អតិថិជន, ៣. ការបង្កើនកម្រិតពិន័យជាសាច់ប្រាក់ នៅក្នុងទណ្ឌកម្មខាងព្រហ្មទណ្ឌ ហើយត្រូវចូលជាធរមានឲ្យបាន មុនខែកញ្ញា ឆ្នាំ២០២០។
ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានឆ្លងកាត់អង្គការនីតិប្រតិបត្តិ និងអង្គការនីតិបញ្ញត្តិ ហើយត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។ លោក ផៃ ស៉ីផាន ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ធ្លាប់បានឲ្យដឹងថា កម្ពុជាបានធ្វើសេចក្តីព្រាងក្របខណ្ឌគតិយុត្តទាក់ទងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងឆ្នាំ២០០៧ ប៉ុន្តែក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក (APG) ស្ដីពីការសម្អាតប្រាក់ ចុះមកវាយតម្លៃថា នៅមានចំណុចខ្វះខាត ទើបនៅឆ្នាំ២០១១ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) បានបញ្ចូលកម្ពុជាទៅក្នុងបញ្ជីប្រផេះជាលើកទី១។
ពេលនោះ FATF បានតម្រូវឲ្យកម្ពុជាធ្វើវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ ហើយកម្ពុជាបានបំពេញបន្ថែមជាច្រើនទៀត ដើម្បីចែងពីការបង្កកការ ឃាត់ទុក និងការរឹបអូស។ ច្បាប់ស្ដីពីវិសោធនកម្មនេះ ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣។ បន្ទាប់ពីបានអនុម័តច្បាប់នេះ និងបំពេញការងារមួយចំនួនទៀត FATF ក៏បានដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។
ប៉ុន្តែដោយសារ FATF ប្ដូរនិយាមរបស់ខ្លួននៅឆ្នាំ២០១២ ហើយការវាយតម្លៃលើកនេះប្រើនិយាមថ្មី ឃើញថាកម្ពុជានៅខ្វះខាតមូលដ្ឋានគតិយុត្តបន្ថែមទៀតជាច្រើន សម្រាប់ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជាហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ភាពខ្វះចន្លោះនេះ បានក្លាយជាមូលហេតុដាក់ប្រទេសកម្ពុជា ចូលទៅក្នុងបញ្ជីប្រផេះជាលើកទី២ តែម្តង។
គួររំលឹកថា បន្ទាប់ពីច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានដាក់ឲ្យប្រើប្រាស់ ក្រុមការងារវាយតម្លៃ APG ដែលជាអ្នករាយការណ៍ឲ្យទៅ FATF កោតសរសើរ និងកត់សម្គាល់យ៉ាងខ្លាំង ពីការអនុវត្តសកម្មភាពប្រឆាំងនឹងការសម្អាតប្រាក់នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា APG បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ពាក់ព័ន្ធក្នុងការអនុវត្តតាមផែនការសកម្មភាព ដូចជាបានដាក់ឲ្យប្រើប្រាស់ច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មច្បាប់, ច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ក្រៅពីនេះក្រុមការងារខាងលើ ក៏បានកត់សម្គាល់ពីការពង្រឹងការអនុវត្តច្បាប់ របស់បុគ្គលរាយការណ៍ (វិស័យឯកជន) ការស៉ើបអង្កេត ការចោទប្រកាន់ ការកាត់ទោស និងការរឹបអូសទ្រព្យពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពរបស់មន្ត្រីអនុវត្តន៍ច្បាប់ ទោះបីកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។
លោក ឱម យ៉ិនទៀង បានឲ្យដឹងបន្ថែមថា នៅតំបន់អាស៉ីប៉ាស៉ីហ្វិក មិនមែនមានតែកម្ពុជាមួយទេ ដែលត្រូវបាន FATF ដាក់ទៅក្នុងបញ្ជីពណ៌ប្រផេះ។ FATF តែងតែអង្កេតតាមដានជានិច្ច លើប្រទេសទាំងអស់ ហើយក្នុងនោះការវាយតម្លៃមាន ៣បញ្ជី គឺពណ៌ស ពណ៌ប្រផេះ និងពណ៌ខ្មៅ។ លោកបន្តថា ប្រទេសស្ថិតក្នុងបញ្ជីពណ៌ស តែងតែត្រូវបានត្រួតពិនិត្យរៀងរាល់ ១ឆ្នាំម្តង ខណៈប្រទេសស្ថិតនៅក្នុងបញ្ជីពណ៌ប្រផេះ ត្រូវតែត្រួតពិនិត្យរៀងរាល់ ៣ទៅ៤ខែម្តង ហើយនិយាមនៃការវាយតម្លៃនោះ អាចនឹងប្រែប្រួលផងដែរ៕