(ភ្នំពេញ)៖ មន្ត្រីពេទ្យសត្វតូចតាចនៅតាមបណ្ដាលខេត្តជាប់ផ្លូវជាតិលេខ៥ បាននាំគ្នាធ្វើការត្អូញត្អែរ និងសំណូមពរសូមអោយលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួយមានវិធានការទប់ស្កាត់ករណីឈ្មួញឃុបឃិតគ្នាលួចនាំចូលសត្វជ្រូករស់ ពីប្រទេសថៃ ដែលក្នុងមួយថ្ងៃៗមានចំនួនរាប់ពាន់ក្បាល ខណៈក្នុងមួយថ្ងៃ មួយក្រុមហ៊ុន ច្បាប់បានអនុញ្ញាតឲ្យនាំចូលត្រឹមតែ២៥០ក្បាលតែប៉ុណ្ណោះ។
កូនមន្ត្រីពេទ្យសត្វដែលមើលឃើញពីភាពមិនប្រក្រតី នៃការឃុបឃិតគ្នា អនុញ្ញាតឲ្យឈ្មួញនាំចូលជ្រូករស់លើសពីចំនួនដែលច្បាប់អនុញ្ញាត កេងបន្លំប្រាក់ពន្ធគយរួមទាំងគ្មានការត្រួតពិនិត្យសុខភាពសត្វ ឲ្យបានច្បាស់លាស់ផងនោះ បានរៀបរាប់អោយដឹងថា បច្ចុប្បន្ននេះនៅតាមដងផ្លូវជាតិលេខ៥ មានឈ្មួញធំៗរកស៊ី នាំសត្វជ្រូករស់ពីប្រទេសថៃតាមច្រកភ្នំដី និងច្រករបៀងមួយចំនួនទៀតក្នុងខេត្តបាត់ដំបង ចូលមកភ្នំពេញ ចំនួន២នាក់ ដោយម្នាក់មានឈ្មោះ ផល ជាយោធា និងទិញច្បាប់នាំចូលពីក្រុមហ៊ុនរបស់ឧកញ៉ា ប៊ុត ចន្ធូ និងម្នាក់ទៀតឈ្មោះ ហេង ។ ក្នុងនោះតាមការអះអាង ក្នុងមួយថ្ងៃឈ្មួញទាំងពីរនាក់ខាងលើនេះ ច្បាប់បានអនុញាតឲ្យនាំចូលនូវជ្រូករស់ត្រឹមចំនួន២៥០ក្បាលប៉ុណ្ណោះក្នុងម្នាក់ តែដោយសារ មានការឃុបឃិតគ្នា គឺក្នុងមួយថ្ងៃៗឈ្មួញទាំងពីរនាក់ខាងលើ បានធ្វើការនាំចូលរហូតដល់ជិត១០០០ក្បាល ឬជាង១០០០ក្បាលឯណោះក្នុងម្នាក់ៗ ហើយពេលសមត្ថកិច្ចថ្នាក់ក្រោមឃាត់សួរនាំ ក្រុមឈ្មួញទាំងពីរនាក់នេះ តែងតែយកឈ្មោះថ្នាក់លើ ឬក៏រាយការណ៍ទៅមេៗ របស់ពួកគេឲ្យទូរស័ព្ទទៅប្រាប់មន្ត្រីថ្នាក់ក្រោមដែលកំពុងត្រួតពិនិត្យ ឲ្យដកថយក្រោមលេសជាជ្រូកក្រុមហ៊ុនរបស់មេៗ ហ៊ានប៉ះប្រយ័ត្នខានឈរជើងតាមផ្លូវជាតិ។ មន្ត្រីតូចតាចខាងលើ បានបង្ហើបឲ្យដឹងទៀតថា ក្នុងមួយយប់ៗ ឈ្មួញម្នាក់ដែលបានច្បាប់ដឹកជ្រូករស់ចូលពីប្រទេសថៃបានត្រឹមតែ២៥០ក្បាល តែមួយយប់រថយន្តមួយគ្រឿង គេអាចផ្ទុកសត្វជ្រូករស់ ចាប់ពី៣៨០ក្បាល ទៅ៤០០ក្បាល ហើយឈ្មួញម្នាក់ៗ ក្នុងមួយយប់ៗ យ៉ាងហោចណាស់ក៏ដឹកបាន ២ទៅ៣រថយន្តដែរ ហើយក្នុងមួយរថយន្តដឹកពី៣៨០ក្បាលទៅ៤០០ក្បាលយ៉ាងច្រើនបង់ពន្ធតែ៨០ក្បាលទៅ៩០ក្បាលប៉ុណ្ណោះ។
ការឃុបឃិតគ្នានាំចូលជ្រូករស់លើសចំនួនដែលច្បាប់អនុញ្ញាត យ៉ាងលើសលប់ដូចខាងលើនេះ ត្រូវបានមន្ត្រីថ្នាក់ក្រោមអះអាងថា ទី១. ធ្វើអោយបាត់ប្រាក់ពន្ធរដ្ឋ ដោយសារតែពេលឈ្មួញនាំចូល មន្ត្រីជំនាញពេទ្យសត្វនៅតាមដងផ្លូវមិនបានកាត់ស្តុក(PC)នោះឡើយ គឺច្បាប់នាំចូលតែ២៥០ក្បាល ឈ្មួញអាចយកទៅនាំចូលដឹករាប់សិបជើង និងទី២. ដោយសារតែមេៗត្រូវគ្នាគឺរាល់សត្វជ្រូកដែលនាំចូល និងដឹកឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ពេទ្យសត្វនៅតាមស្ថានីយ៍ មិនបានឃាត់ត្រួតពិនិត្យសុខភាព ឬបាញ់ថ្នាំការពារការជំងឺឆ្លងនោះឡើយ ព្រោះតែមេៗដែលឃុបឃិតជាមួយឈ្មួញខ្លាចបែកការណ៍ ពីតួលេខលើសពីច្បាប់កំណត់ច្រើនពេក។
ករណីនេះមន្ត្រីតូចតាចអះអាងថា មានតែលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មទេ ដែលមានអំណាចអាចទប់ស្កាត់ការឃុបឃិតគ្នានាំសត្វជ្រូករស់លើសពីច្បាប់អនុញ្ញាតបាន បើពឹងលើមន្ត្រីជំនាញកុំសង្ឃឹមឡើយ ព្រោះត្រូវរ៉ូវគ្នាជាឆ្នាំងបាយតែមួយអស់ទៅហើយ។ សូមកុំភ្លេចថារដូវចូលឆ្នាំចិនកាន់តែកៀកហើយ តម្រូវការនាំចូលកាន់តែច្រើនផងដែរ៕