(កំពង់ឆ្នាំង)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០នេះ បានរម្លឹកជាថ្មីប្រាប់កងទ័ពថា ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឲ្យបាន ខណៈអតីតកាលកម្ពុជាធ្លាប់បានហែលឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និង វិនាសកម្មយ៉ាងខ្លោចផ្សា។
ក្នុងឱកាសបញ្ចុះបឋមសិលាកសាងអគារកម្ពស់ ២ជាន់ ជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរងជំនាញការពារព្រំដែនជំនាន់ទី៦ នៅមជ្ឈមណ្ឌលជំនាញការពារព្រំដែន នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងបញ្ជាក់ថា គ្រោះថ្នាក់នៃការបំផ្លាញសុខសន្ដិភាពនេះ មិនអាចកើតមានបានឡើយ ប្រសិនបើយើងយល់ច្បាស់ ពីតម្លៃសន្តិភាព ហើយចូលរួមថែរក្សាការពារទាំងអស់គ្នា ដោយមិនចាញ់កលល្បិច ញុះញង់ បំបែកបំបាក់របស់អ្នកនយោបាយដែលស្រេកឃ្លានអំណាចនោះ។
បើតាមនាយឧត្ដមសេនីយ៍ វង្ស ពិសេន សម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងការពារមិនឲ្យរបបនេះវិល ត្រឡប់មកសាជាថ្មី។ ជាបន្តបន្ទាប់សម្តេចបានដឹកនាំកសាងប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ។ ហេតុនេះទាំងអស់គ្នាត្រូវចងចាំពីការលះបង់ដ៏ធំធេងរបស់សម្តេច ហើយរួមគ្នាការពារសន្តិភាព ការពារសមិទ្ធផល មិនឲ្យជនណាមកបំផ្លិចបំផ្លាញបានឡើយ បើទោះបីក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឲ្យបាន។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ទៀតថា គ្រប់យ៉ាងគឺត្រូវចាប់ផ្ដើមពីសន្តិភាពជាមុន មានសន្តិភាពទើបមានលទ្ធិប្រជាធិបតេយ្យ មានសន្តិភាពទើបមានសិទ្ធមនុស្ស មានសន្តិភាពទើបមានការអភិវឌ្ឍ ប្រជាជនរស់នៅក្នុងភាពសុខសាន្ត និងមានជីវភាពសម្បូរសប្បាយ។
ក្នុងន័យនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះនាយទាហាន ពលទាហានទាំងអស់ ដែលកន្លងមកបានចូលរួមថែរក្សាសន្តិភាព និងបានផ្តាំផ្ញើឲ្យបន្តសហការជាមួយស្ថាប័ន អង្គភាព អាជ្ញាធរដែនដីដែលមានការពាក់ព័ន្ធ ដើម្បីក្តាប់ជាប់សភាពការណ៍ទូទៅក្នុងមូលដ្ឋាន និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសទប់ស្កាត់រាល់សង្រ្គាមចិត្តសាស្ត្រ ដែលមានចរិតញុះញង់ បំផ្លិចបំផ្លាញដល់ស្ថិរភាពនយោបាយសង្គមជាតិ៕