(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយការិយាល័យតំណាងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំនៅកម្ពុជាបានរៀបចំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់នូវឯកសារណែនាំបច្ចេកទេស ក្នុងបំណងជួយដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) ក្នុងការស្តារអាជីវកម្មឡើងវិញ និងធ្វើឲ្យអាជីវកម្មដំណើការបានកាន់តែប្រសើរ និងរឹងមាំ ព្រមទាំងត្រៀមដោះស្រាយបញ្ហាប្រឈម ប្រហាក់ប្រហែលនាពេលអនាគត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
សព្វថ្ងៃនេះ ការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ បានបង្កការខាតបង់សេដ្ឋកិច្ចពិភពលោកយ៉ាងច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ។ ជម្ងឺកូវីដ-១៩នេះ មិនត្រឹមតែប៉ះពាល់ដល់ការចំណាយទាក់ទង នឹងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជម្ងឺនេះបានជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជាសសរគ្រឹះ សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានដូចជា វិស័យកាត់ដេរ ទេសចរណ៍ ផលិតកម្ម ស្បៀងអាហារ និងសំណង់ជាដើម។ ផលប៉ះពាល់សេដ្ឋកិច្ច លើវិស័យឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ បានជះឥទ្ធិពលអវិជ្ជមានជាខ្លាំង ទៅលើអាជីវកម្ម ដែលភាគច្រើនមានម្ចាស់ ឬបុគ្គលិកជាស្ត្រី។ ដូចនេះតម្រូវឲ្យមានគោលការណ៍ការណែនាំ គាំទ្រ យន្តការអន្តរាគមន៍ និងគោលនយោបាយនានា ដើម្បីជួយគាំពារដល់សហគ្រាសមីក្រូ តូច និង មធ្យម (MSMEs) ឲ្យអាចដំណើរការអាជីវកម្មរបស់ខ្លួនបាន។
ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ និងដើម្បីជួយដល់វិស័យឯកជន ងើបឡើងវិញឲ្យប្រសើរ អង្គការយូនីដូ នៅទីក្រុងវីយែន បានរៀបចំ និងបោះពុម្ភផ្សព្វផ្សាយគោលការណ៍ណែនាំ «ការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ផ្លូវឆ្ពោះទៅនិរន្តរភាពអាជីវកម្ម និងការងើបឡើងវិញរបស់សហគ្រាសមីក្រូ តូច និងមធ្យម»។
ជាមួយគ្នានេះ ការិយាល័យអង្គការយូនីដូ ប្រចាំនៅប្រទេសឥណ្ឌា ក៏បានរៀបចំបង្កើតវេបផតធល ដើម្បីជួយដល់សហគ្រាសមីក្រូ តូច និងមធ្យម ក្នុងការចាប់ផ្តើម និងស្តារឡើងវិញ ព្រមទាំងធ្វើឲ្យអាជីវកម្មរបស់ពួកគាត់មានភាពល្អប្រសើរឡើង។ វេបផតថលនេះ មានផ្ទុកឯកសារ មេរៀនណែនាំជាក់ស្តែង និងបញ្ជីផ្ទៀងផ្ទាត់ ដែលអាចទាញយកបានតាមគេហទំព័រ www.b3cmsme.org។ ឯកសារទាំងនេះ បង្ហាញពីមធ្យោបាយនៃការកសាងឡើងវិញ និងកំណត់ផ្នែកអាជីវកម្ម ដែលសហគ្រាសមីក្រូ តូច និង មធ្យម អាចមានសក្តានុពលក្នុងការធ្វើឲ្យប្រសើរឡើង។ ជាពិសេសមានឯកសារទាក់ទងនឹងការគ្រប់គ្រងផ្នែកប្រតិបត្តិការ កម្លាំងពលកម្ម សុខភាព និងសុវត្ថិភាពការងារ។
ឯកសារណែនាំ និងខិត្តប័ណ្ណបានរៀបចំឡើង ជាពិសេសសម្រាប់ម្ចាស់សហគ្រាស អ្នកគ្រប់គ្រង និងបុគ្គលិក របស់សហគ្រាសខ្នាតតូចបំផុត តូច និង មធ្យម ដែលពួកគាត់ត្រូវការចាំបាច់ ក្នុងការស្វែងរកការ ណែនាំបង្ហាញផ្លួវ និងដំណោះស្រាយ នៅពេលជំងឺរាតត្បាត ប៉ះពាល់ទៅលើអាជីវកម្មរបស់ពួកគាត់។ ឯកសារទាំងនេះនឹងជួយឲ្យក្រុមហ៊ុន ឬសហគ្រាសអាចយល់ដឹង និងរកឃើញនូវចំណុចចាប់ផ្តើម ព្រមទាំងវិធីដើម្បីបន្តស្តារឡើងវិញ ក៏ដូចជាការបន្តពង្រឹងដំណើរការរៀបចំផែន ការអាជីវកម្មផងដែរ។
ដោយមានការចង្អុលបង្ហាញ និងណែនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ឋ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អង្គការ UNIDO ប្រចាំកម្ពុជាបានរៀបចំបកប្រែឯកសារណែនាំ និងខិត្តប័ណ្ណទាំងនេះជាភាសាខ្មែរ ដែលសហគ្រាសគ្រប់ប្រភេទអាចយកទៅប្រើប្រាស់បាន។ ឯកសារទាំងនេះ ផ្តល់នូវគន្លឹះ ជាច្រើនពីស្តង់ដារ អន្តរជាតិដែលមានស្រាប់ ក៏ដូចជា ប្រភពទាក់ទងនឹងការកែលំអរឧស្សាហកម្ម ដែលសហគ្រាសអាចយកមកប្រើប្រាស់ក្នុងសកម្មភាពប្រតិ្តបត្តិការ និងជួយដោះស្រាយការនូវការគំរាមកំហែង ឬការរំខាន ដែលសហគ្រាសអាចនឹងកំពុងប្រឈម។
បន្ថែមលើនេះទៀត អង្គការយូនីដូ ក៏បានរៀបចំផលិត និងផ្សព្វផ្សាយឯកសារមួយទៀតទាក់ទងនឹងការវិវត្តន៍នៃឌីជីថល និងការស្តារឧស្សាហកម្មឡើងវិញ ដើម្បីផ្តល់ជាគុណប្រយោជន៍ក្នុងការពិចារណា យកមកប្រើប្រាស់ក្នុងការពន្លឿន ឌីជីថលរូបនីយកម្ម ពិសេសជួយស្តារអាជីវកម្មឲ្យបានកាន់តែឆាប់រហ័ស។ នៅក្នុងក្របខ័ណ្ឌនេះ វិស័យសំខាន់ៗមួយចំនួន ដែលត្រូវការគាំទ្រដំណើរការវិវត្តន៍នៃឌីជីថល និង ការស្តារឡើងវិញនៃឧស្សាហកម្ម គឺការធ្វើនវានុវត្តន៍ និងឌីជីថលរូបនីយកម្ម ការជំរុញការវិនិយោគ និងបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការផលិតប្រកបដោយភាពឆ្លាតវៃ៕