(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ បានបណ្តើរម៉ូតូមួយគ្រឿងម៉ាក Smash ចូលទៅចាក់ សាំងនៅ ផ្ទះជនរងគ្រោះពេលនោះ ដោយមើលឱកាសល្អ ក៏ដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ប្លន់ យកទ្រព្យសម្បត្តិ មានលុយកាក់ និងគ្រឿងអលង្ការអស់មួយចំនួន មុនពេលដែលពួកគេ បានបើកម៉ូតូគេចខ្លួនបាត់នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅសង្កាត់ ព្រែកកំពិស ខណ្ឌដង្កោ។
អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានប្រាប់ ភ្នាក់ងារ Fresh News ថា ពិតជាមានករណីនេះមែន ប៉ុន្តែលោកមិនទាន់ដឹង រឿងលំអិត នៅឡើយទេ ដោយស្រ្តីរងគ្រោះមិនទាន់បានផ្តល់ចំឡើយ ជូននគរបាលជំនាញ របស់លោកនៅឡើយ ពីព្រោះគាត់ឈឺពោះខ្លាំង ហើយកូនចៅរបស់គាត់ ដឹកយកទៅមន្ទីរពេទ្យបាត់ហើយ។
បើតាមលោក ជឹម ស៊ីថា មុនពេលកើតហេតុ មានបុរស២នាក់ បណ្តើរម៉ូតូមួយគ្រឿង ចូលទៅចាក់សាំង ពេលចាក់រួច ក៏ហុយលុយ ក្រដាស់១ម៉ឺនរៀល ទៅស្រ្តីរងគ្រោះដោយប្រាប់ថា មិនចាំបាច់អាប់ទេ ប៉ុន្តែស្រ្តីរងគ្រោះ ឆ្លើយបកមកវិញមិនអីទេ។ ក្រោយស្រ្តីរងគ្រោះឆ្លើយបែបនេះ ជនសង្ស័យម្នាក់ បានដកកាំភ្លើងទៅភ្ជង់ យកអស់ទ្រព្យ សម្បត្តិមួយចំនួន ជាពិសេស លុយដែលលក់សាំងបាននៅថ្ងៃនេះ។
តាមសេចក្តី រាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះបាត់បង់លុយជិត១ពាន់ដុល្លារ និងគ្រឿងអលង្ការមួយចំនួន។ យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ទាំងនគរបាល និង អាវុធហត្ថកំពុងចុះស្រាវជ្រាវលើករណីនេះ យ៉ាងយកចិត្តទុកដាក់ និងរកដំណើររឿង ពិតបន្ថែមទៀត តើជាករណីប្លន់មែន ឬអាចជាករណីផ្សេង។ បើតាមសេចក្តីរាយការណ៍ បានឲយដឹងថា ស្រ្តីរងគ្រោះជាភរិយារបស់លោកមេប៉ុស្តិ៍បឹងជើងឯកទៀតផង៕