(កំពត)៖ សាលាដំបូងខេត្តកំពត បានចេញដីកាកោះហៅលោក លឹម តារា ឲ្យចូលរួមក្នុងនីតិវិធី ត្រៀមសម្រាប់ការទាញហេតុផលផ្ទាល់មាត់លើកទី២ ពាក់ព័ន្ធនឹងករណីទិញដីគេអស់ ១០ម៉ឺនដុល្លារ តែឲ្យលុយទៅអ្នកលក់មិនគ្រប់ ហើយគេចវះមិនព្រមបង់បង្គ្រប់។ នេះបើតាមដីការបស់ប្រធានសាលាដំបូងខេត្តកំពត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ។

យោងតាមដីកាដដែល, សាលាដំបូងខេត្តកំពត បានកោះហៅលោក លឹម តារា ដែលជាចុងចម្លើយ តាមបណ្តឹងពីដើមចោទឈ្មោះ អ៊ុំ លីកា ហើយលោក លឹម តារា ត្រូវចូលខ្លួនបំភ្លឺនៅ សាលាដំបូងខេត្តកំពត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ វេលាម៉ោង ២៖៣០នាទីរសៀល។ តុលាការ ក៏បានណែនាំឲ្យចុងចម្លើយ ទៅបំភ្លឺឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើផង ប្រសិនបើមាន។

វិវាទដីធ្លីខាងលើនេះ មានដើមចោទឈ្មោះ អ៊ុំ លីកា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ចុងចម្លើយឈ្មោះ លឹម តារា ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៥២D ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះ លឹម តារា បានទៅទិញដីរបស់ឈ្មោះ អ៊ុំ លីកា ចំនួន២កន្លែង រួមមាន៖

*ទី១៖ ដីមានទំហំ ២០០០០ម៉ែត្រការ៉េ
*ទី២៖ ដីមានទំហំ ១១៣២០ម៉ែត្រការ៉េ ដែលដីទាំង ២កន្លែងនេះ ស្ថិតនៅភូមិអន្លុងនៅភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ការទិញលក់ក្នុងតម្លៃ ១០០.០០០ដុល្លារអាមេរិក តែមិនបានធ្វើកិច្ចសន្យាទិញលក់ទេ គឺធ្វើលិខិតកាន់កាប់តែម្តង ខណៈឈ្មោះ លឹម តារា ជាអ្នករត់ការធ្វើប្លង់ ដោយថ្លៃសេវាកាត់ឈ្មោះ កាត់ប្រាក់ថ្លៃទិញដីចំនួន ២០.០០០ដុល្លារអាមេរិក លើតម្លៃដី ដូច្នេះឈ្មោះ អ៊ុំ លីកា បានប្រាក់ថ្លៃដីតែចំនួន ៨០.០០០ដុល្លារអាមេរិក តែប៉ុណ្ណោះ។

ក្រោយពីបានទទួលប្រាក់កក់រួច ភាគីទាំងពីរបានឯកភាព និងយល់ព្រមយកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃបង់ប្រាក់បង្គ្រប់ តែចាប់តាំងពីបានប្រាក់កក់មក ចុងចម្លើយលែងត្រូវទាក់ទងបាន រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដើមចោទបានធ្វើការជូនដំណឹងទៅចុងចម្លើយតាមរយៈមេឃុំ ដើម្បីឲ្យចុងចម្លើយបង់ប្រាក់ចុងក្រោយ តែចុងចម្លើយរូបនេះ មិនព្រមចូលដោះស្រាយនោះទេ។ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក៏បានជូនដំណឹងទៅម្តងទៀត តែចុងចម្លើយនៅតែមិនព្រមចូលដោះស្រាយដដែល៕