(មណ្ឌលគីរី)៖ យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិចំនួន ២,៩៩៥លើក បង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១,៥២៨ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៨៤ករណី, ពិន័យអន្តរការណ៍ចំនួន២៦ករណី, រឹបអូសរណារយន្តបានចំនួន ៣៦៤គ្រឿង, ចាប់ឃាត់រថយន្តចំនួន ៣៤គ្រឿង និងដោះអន្ទាក់ដាក់សត្វព្រៃចម្រុះសរុបចំនួន ២,៩៥៧ខ្សែ។

ពាក់ព័ន្ធចំណុចនេះ លោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថាន បានលើកឡើងថា សម្រាប់ខេត្តមណ្ឌលគិរី បទល្មើសបំផ្លាញធនធានធម្មជាតិ ដែលបានកើតឡើងក្នុងទ្រង់ទ្រាយតូចៗនេះ ដែលភាគច្រើនជាបទល្មើសកាប់ទន្ទ្រានដីរដ្ឋ, ការបរបាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។

ប្រធានមន្ទីរបរិស្ថានរូបនេះ បានបន្ថែមថា ជាយន្តការណ៍សម្រាប់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅតែបន្តសហការជាមួយអង្គការដៃគូបណ្តាខេត្ត នៅជាប់ព្រំប្រទល់ ព្រមទាំងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពព្រៃឈើ សម្រាប់ជាប្រយោជន៍ប្រជាជនក្នុងមូលដ្ឋាន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ចេញពីសហគមន៍ការពារធម្មជាតិអណ្តូងក្រឡឹង លោក កែវ សុភ័ក្រ បានឱ្យដឹងយ៉ាងដូច្នេះ៖ «អ្វី ដែលយើងជួបប្រទះនោះ គឺការបរបាញ់សត្វព្រៃរបស់ជនខិលខូច បានធ្វើឡើងនៅក្នុងព្រៃជ្រៅដែលពិបាកធ្វើដំណើរទៅដល់ ជាពិសេសក្នុង ខែវស្សានេះ […] ហើយយើងឃើញហើយ នៅជុំវិញតំបន់ការពារនេះ យើងមានសហគមន៍ច្រើនរស់នៅជុំវិញច្រើន និងជាខេត្តមួយដែលជាប់ព្រំប្រទល់វៀតណាម ដូច្នេះយើងមានការពិបាកក្នុងការទប់ស្កាត់ព្រានព្រៃ ដែលឆ្លងប្រទេសចូលមកដោយសារយើងមានការពិបាកទទួលព័ត៌មាន ផ្នែកព្រំដែនហើយមួយចំនួន ទៀតយើងមានបញ្ហា ប្រឈមដោយសារកត្តាជួញដូរសត្វព្រៃ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងភូមិសាស្ត្រដែលនៅជុំវិញតំបន់ការពារទាំងនោះ»

លោកបានគូសបញ្ជាក់ថា មន្ទីររិស្ថានខេត្តបានបង្កើតក្រុមការងារពិសេស ដើម្បីតាមដាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយធ្វើការ២៤ម៉ោង លើ២៤ម៉ោង ដោយមានការគាំទ្រពីសំណាក់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអង្គការដៃគូ ហើយអ្វីកាន់តែពិសេសនោះ គឺក្រុមការងារបានកសាងបណ្តាញព័ត៌មានជាក់លាក់ពីការកាប់ទន្ទ្រានដីព្រៃរដ្ឋ ការជួញដូរសត្វព្រៃ និងការកាប់ព្រៃឈើជាដើម។

ដោយឡែកលោក ព្រំ វិបុលរ័ត្ននៈ ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានថ្លែងថា ការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា មានការថយចុះតិចតួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ខណៈមន្ត្រីឧទ្យានុរក្សបានបង្កើនសកម្មភាពចុះល្បាត និងទប់ស្កាត់បទល្មើសទាំងនោះ គ្មានស្រាកស្រាន្ត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងកំលុងពេលចុះសិក្សាស្វែងយល់ពីការងារការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ថាតំបន់ការពារធម្មជាតិ នៅក្នុងខេត្តមណ្ឌលគិរី មានចំនួន៦កន្លែង មានផ្ទៃដីសរុបប្រមាណ១លានហិកតា រួមមាន៖ ដែនជម្រកសត្វព្រៃកែវសីមា, ដែនជម្រកសត្វព្រៃស្រែពក, ដែនជម្រកសត្វព្រៃណាមលៀរ, ដែនជម្រកសត្វព្រៃលំផាត់, ដែនជម្រកសត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឦសាន។

លោក នេត្រ ភក្ត្រា បានបន្តថា ការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះមន្ទីរបរិស្ថានខេត្តមានមន្ត្រីឧទ្យានុរក្សសរុប ចំនួន១០៤នាក់ ដែលចំនួននេះនៅមិនទាន់ឆ្លើយតប នៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ ដែលចំណុចទាំងនេះ ជាការលំបាករបស់មន្ត្រីឧទ្យានុរក្ស។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ លែងកើតមានទៀតហើយ តែនៅសល់បទល្មើសទ្រង់ទ្រាយតូច ដែលចាំបាច់សមត្ថកិច្ចជំនាញត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាប ដើម្បីថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលកម្ពុជាមាន»

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមថា រហូតមកទល់ពេលនេះ ក្រសួងបានធ្វើឱ្យការការពារ និងអភិរក្សធនធាន ធម្មជាតិកាន់តែមានភាពល្អប្រសើរ ដែលធ្វើឱ្យតំបន់ការពារធម្មជាតិខ្លះ ត្រូវបានវាយតម្លៃថាមានសុវត្ថិភាពហើយ ឈានដល់ ការលក់ឥណទានកាបូនទៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិ ក្នុងនោះក៏មានដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលបានលក់ឥណទានកាបូនតាំងពីឆ្នាំ២០១៦មក បានថវិកាចំនួន៣.៥លានដុល្លារ។

លោក សុខា ធុក ជនជាតិភាគតិចព្នង និងជាប្រធានគណៈកម្មការសហគមន៍ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី បានរៀបរាប់ថា សហគមន៍អណ្តូងក្រឡឹងនេះ ត្រូវបានចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច នៅ ក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៧ និងទទួលបានបណ្ណកម្មសិទ្ធិ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាំងពីឆ្នាំ២០១២ លើដីទំហំជាង១,៤០០ហិកតា។

ជាមួយគ្នានេះដែរ ប្រធានគណៈកម្មការសហគមន៍ភូមិអណ្តូងក្រឡឹងរូបនេះ ក៏បានបង្ហាញក្តីព្រួយបារម្ភថា បើទោះជាមានការចុះបញ្ជីជាដីសមូហភាពជនជាតិដើមភាគតិចក្តី ប៉ុន្តែ ក៏នៅមានការលួចកាប់ព្រៃឈើ និងការទន្ទ្រានយកដីធ្វើកម្មសិទ្ធិពីប្រជាពលរដ្ឋ មកពីតំបន់ផ្សេងៗ និងអ្នកមានអំណាចមួយចំនួនផងដែរ ដោយក្នុងនោះមានដីបម្រុងសហគមន៍ ចំនួន ១១ហិកតា ហើយដែលត្រូវបានទន្ទ្រានយកពីជនខិលខូចមួយចំនួន។

តាមនាមឱ្យសមាជិកសហគមន៍ សុខា ធុក បានអំពាវនាវដល់អាជ្ញាធរយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសំណូរពរដល់ក្រុមការងារ ពាក់ព័ន្ធដូចជា៖ ក្រសួងបរិស្ថាន ក៏ដូចជាមន្ត្រីឧទ្យានុរក្ស ចូលរួមការពារហើយ ចុះល្បាតជាមួយគ្នាក្នុងដីដែនជម្រកសត្វព្រៃ កែវសីមា និងដីសហគមន៍ផងដែរ ដើម្បីទុកជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ ព្រោះប្រជាជននៅទីនេះមិនកាប់ព្រៃឈើទេ គឺប្រកបរបរវិលជុំ រកផ្សិត កាប់ផ្តៅ រកជ័រ។ល។»

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន មានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៦កន្លែង ដែលក្នុងនោះមានឧទ្យានជាតិ, ដែនជម្រកសត្វព្រៃ, តំបន់ប្រើប្រាស់ច្រើនយ៉ាង, តំបន់ការពារទេសភាព និងតំបន់រ៉ាមសារ ដែលមានផ្ទៃដីសរុប ៧,៣លានហិកតា ស្មើប្រមាណ៤១ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា៕