(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ លោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយសម្រេចដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀលចូលថវិការដ្ឋ។

អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញលោក គ្រុយ លឹមហេង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីអំឡុងចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រាយកលុយពីពករដ្ឋដោយខុសច្បាប់ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ តុលាការបានចេញឃុំដីកាបង្គាប់ឲ្យឃុំខ្លួនរូបលោក ក្រោមបទចោទប្រកាន់ចំនួន៤ រួមមាន៖

*ទី១៖ បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត
*ទី២៖ បទរំលោភអំណាច
*ទី៣៖ បទវីតិក្រម (យកលុយលើសការកំណត់)
*ទី៤៖ បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល (ចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩)៕