(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បង្កើតល្បែងកីឡាជាតិ (National Games) ហើយ។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមលិខិតនោះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមអនុញ្ញាតជាគោលការណ៍ ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតល្បែងកីឡាជាតិ (National Games) ចាប់ពីឆ្នាំ២០១៦តទៅ ដោយធ្វើឡើងរៀងរាល់២ឆ្នាំម្តង ឱ្យបាន៤ដង ដល់ឆ្នាំ២០២៣ ។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា ចំណែកថវិកាសម្រាប់ប្រកួតល្បែងកីឡាជាតិនេះ ក្រសួងអប់រំ ត្រូវបង្វែរថវិកាពីការផ្អាកការប្រកួតភូមិភាគ និងទូទាំងប្រទេស៤ប្រភេទ កីឡាប្រចាំឆ្នាំ រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាអត្តពលកម្ម រួមផ្សំជាមួយការស្វែងរកគាំទ្រពីដៃគូឯកជន ដែលសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បំពេញបន្ថែម ៕