(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងអាវុធហត្ថ និងនគរបាលក្រុងភ្នំពេញ នឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងនៅទីតាំងចំនួន៥កន្លែង នាយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ភ្លឺ ។
លោកបញ្ជាក់ថា ទីតាំងនោះមានដូចជា៖ ១. ផ្លូវមៅសេទុង ២. ផ្លូវជាតិលេខ៦A ៣. ផ្លូវហាណូយ ៤. ផ្លូវព្រះមុនីវង្ស និង៥. ផ្លូវកម្ពុជាក្រោម ដើម្បីអនុវត្តភាពតឹងរឹង នៃច្បាប់ចរាចរណ៍ផ្លូវគោក ។
លោក រុន រ័ត្នវាសនា បានឲ្យដឹងថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបាន៩នាក់ ដែលផឹកគ្រឿងស្រវឹង ហើយបើកបរនៅភូមិសាស្រ្ត រាជធានីភ្នំពេញ។ ក្នុងចំណោម៩នាក់នោះ មាន៨នាក់អ្នកបើកម៉ូតូ និងម្នាក់ បើករថយន្ត។
លោកថាយានយន្ត ដែលបានធ្វើការត្រួតពិនិត្យមានចំនួន១៣០៣គ្រឿង, ម៉ូតូចំនួន៖៨៧៥ គ្រឿង រថយន្ត៖ ៤២៨គ្រឿង និង យានយន្តដែលបានចេញប័ណ្ណពិន័យ បទល្មើសចំនួន៖ ២៧៤ គ្រឿង ម៉ូតូ២២៦គ្រឿង រថយន្ត៖ ៤៨គ្រឿង៕