(ភ្នំពេញ)៖ សាលាខេត្តកំពត បានធ្វើលិខិតបំភ្លឺមួយ ដោយអះអាងថា ខ្លួនមិនដែលបានចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុន ជីងគ័រ ធ្វើការវិនិយោគ ឬចាក់ដីបំពេញឆ្នេរសមុទ្រ និងសកម្មភាពទាំងឡាយផ្សេងទៀត ដែលផ្ទុយពីសិទ្ធិ និងតួនាទីរបស់ខ្លួនឡើយ ហើយថាសិទ្ធិ និងភារកិច្ចនៃការអនុញ្ញាតគឺជារបស់ស្ថាប័នថ្នាក់ជាតិ។
ការបំភ្លឺរបស់សាលាខេត្តកំពត បានធ្វើឡើងបន្ទាប់ពី ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេសាទ ស្ថិតនៅភូមិត្រពាំងរពៅ ភូមិព្រែកក្រែង និងភូមិព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មួយចំនួន បានស្នើឱ្យបញ្ឈប់គម្រោង ក្រុមហ៊ុន ជីង គ័រ ដែលប្រុងចាក់ដីបំពេញឆ្នេរសមុទ្រនៅដែននេសាទរបស់ពួកគេ ដើម្បីបង្កើតតំបន់អភិវឌ្ឍកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស។ បន្ទាប់ទីទទួលដំណឹងថាអាជ្ញាធរខេត្ត បានអនុញ្ញាតឱ្យក្រុមហ៊ុនចាក់ដីបំពេញតំបន់នេសាទទាំងនោះ។
តាមរយៈពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំងនោះ ប្តឹងទៅកាន់សមាគមអាដហុក បានឱ្យដឹងថា ដីដែលក្រុមហ៊ុនជីងគ័រ បានស្នើ ទំហំ៦៤០ហិកតា បានត្រួតស៊ីគ្នាទៅនឹងដែននេសាទរបស់ពួកគេ ដែលកំពុងនេសាទលក្ខណៈគ្រួសារជាប្រចាំដើម្បីចិញ្ចឹមជីវិត។
សាលាខេត្តកំពត បានបញ្ជាក់ថា «កន្លងមកនេះ តាមរយៈសំណើរសុំរបស់ក្រុមហ៊ុនជីងគ័រ ខេត្តមានតែសិទ្ធិត្រឹមតែគាំទ្រ និងបញ្ជូនសិទ្ធិសម្រេចទៅស្ថាប័នថ្នាក់ជាតិ។ ជាមួយគ្នានេះ ខេត្តបានបង្កើតក្រុមការងារមួយ ដើម្បីចូលរួមសហការជាមួយគណៈកម្មការជាតិតំបន់ឆ្នេរ ដើម្បីពិនិត្យសិក្សា លើសំណើសុំវិនិយោគតែប៉ុណ្ណោះ»។
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់សាលាខេត្តកំពត និងលិខិតពាក់ព័ន្ធមួយចំនួនទៀត៖