(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលនឹងដឹកនាំរៀបចំការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវី អាណត្ដិទី១៣ សម្រាប់ឆ្នាំ២០២០ ដល់ ឆ្នាំ២០២២ ខាងមុខនេះ បានដឹកនាំក្រុមការងារ មកពិភាក្សាជាមួយតំណាងក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីដាក់ចេញនូវវិធានការពារជំងឺកូវីដ១៩។

កិច្ចពិភាក្សាការងារនេះ បានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល ដែលមានអញ្ជើញចូលរួមដោយលោកមេធាវី លី ច័ន្ទតុលា បេក្ខភាព ប្រធានគណៈមេធាវីអាណត្តិទី១៣ លេខរៀងទី១ និងគណៈប្រតិភូមួយចំនួនទៀត។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានថ្លែងឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីអាណត្ដិទី១៣ សម្រាប់ឆ្នាំ២០២០ ដល់ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្ដនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នាសណ្ឋាគារសុខា មានអ្នកចូលរួមសរុបចំនួន ១,៨០០នាក់។ ដោយចំនួននៃការចូលរួមនេះច្រើន លោកបានពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីដាក់ចេញនូវវិធានការពារសុវត្ថិភាពផ្នែកសុខភាព ពីការចម្លងជំងឺកូវីដ១៩។

ជាការឆ្លើយតប លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការពារចម្បងមួយចំនួន ដោយផ្អែកលើស្ដង់ដារ និងភាពម៉ត់ចត់ ដើម្បីធានាបាននូវសុវត្ថិភាពផ្នែកសុខភាព ដល់សមាជិក សមាជិកា ចៀសផុតពីការចម្លងជំងឺកូវីដ១៩នេះ។

លោកស្រីបានថ្លែងបន្ដថា «យើងនឹងទៅបាញ់ថ្នាំសម្លាប់មេរោគមុនកម្មវិធីនេះចាប់ផ្ដើម ហើយនឹងរៀបចំក្រុមគ្រូពេទ្យចំនួន២ក្រុម, ដាក់ម៉ាស៊ីនវាស់កំដៅតាមច្រកចេញចូល និងត្រៀមក្រុមគ្រូពេទ្យជាមួយនឹងរថយន្ដសង្គ្រោះបន្ទាន់ផងដែរ ដើម្បីជាសុវត្ថិភាពផ្នែកសុខភាព»។

លើសពីនោះ លោកស្រីបានអំពាវនាវដល់គណៈប្រតិភូអ្នកដឹកនាំការបោះឆ្នោតនេះ ជួយផ្សព្វផ្សាយឱ្យសមាជិក សមាជិកាទាំងអស់ អនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានការពារពីជំងឺកូវីដ ឬជំងឺឆ្លងផ្សេងៗរបស់ក្រសួងសុខាភិបាល ក្រៅពីអ្វីដែលក្រសួងបានរៀបចំជូនទាំងមុនថ្ងៃ និងក្នុងថ្ងៃរៀបចំកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្ដិថ្មី។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា «យើងមិនអាចមើលដឹងទេថា នរណាកើតមេរោគអ្វី ជាពិសេសជំងឺឆ្លងដ៏កាចសាហាវ កូវីដ១៩នេះ ដែលតម្រូវឱ្យយើងត្រូវតែរក្សាគម្លាតបុគ្គល ពាក់ម៉ាស សម្អាតដៃ និងខ្លួនប្រាណឱ្យបានស្អាតជានិច្ច។ ប្រសិនបើយើងធ្វេសប្រហែស ហើយក្នុងចំណោមនោះ មាននរណាម្នាក់ផ្ទុកជំងឺនេះ នោះនឹងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយឈានដល់សហគមន៍ផងដែរ»។

ជាមួយគ្នានោះ លោកស្រី យក់ សម្បត្ដិ បានបញ្ជាក់ថា ប្រសិនបើមានសមាជិកណាមួយ មានអាការៈមិនស្រួលខ្លួន សូមផ្ដល់ព័ត៌មានជូនមន្ដ្រីសុខភិបាល ដែលប្រចាំការនៅទីនោះ៕