(ភ្នំពេញ)៖ ជនសង្ស័យសរុបចំនួន១៦នាក់ សង្ស័យអាចជាប់ពាក់ព័ន្ធសកម្មភាពវិធានញុះញង់ប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀន ដែលពេលនេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងឃាត់ខ្លួនជាក់ស្ដែងជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលតាមនីតិវិធី ពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបជាក់ស្ដែងលើជនសង្ស័យទាំង ១៦នាក់នេះ បានអនុវត្តន៍ឡើងស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវបេតុង (R6) ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

មុនបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១៦នាក់ គឺជំហានដំបូងកម្លាំងរបស់ការិយាល័យជំនាញ បានចុះរដ្ឋបាលរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលមានឈ្មោះ ឆន សុពយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដកហូតបានក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ ហើយបន្តឃាត់ខ្លួនឈ្មោះ សាន្ត ស្រីមុំ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដកហូតបានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៥កញ្ចប់ទៀត។ ក្នុងប្រតិបត្តិការនេះ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងដកហូតម៉ូតូ ៣គ្រឿងផងដែរ។

ប្រភពព័ត៌មានបន្តថា ពេលនេះជនសង្ស័យទាំង១៦នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធសកម្មភាពវិធានញុះញង់ប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀន បាននិងកំពុងស្ថិតក្រោមការឃាត់ខ្លួនសាកសួរជាបន្តបន្ទាប់ នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕