(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ប្រឹងប្រែងប្រើប្រាស់ឱ្យអស់លទ្ធភាព ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដឹកជញ្ជូន យកសំរាមចេញពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់យន្តការគ្រប់រូបភាព ដោយចាប់ផ្តើមជាបន្ទាន់ចាប់ពីយប់នេះ។
ការជំរុញរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអភិបាលខណ្ឌ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាង នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។
លោកអភិបាល ក៏បានបញ្ជាឱ្យអភិបាលរងទទួលបន្ទុកយកចិត្តទុកដាក់ តាមដាន និងពិនិត្យសកម្មភាពប្រមូលសំរាមនៅយប់នេះឱ្យបានហ្មត់ចត់ តាមស្មារតីនៃកិច្ចប្រជុំ និងយកលទ្ធផល នៃកិច្ចប្រជុំនារសៀលនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាព។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងរថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីទៅតាមខណ្ឌនីមួយៗរួចហើយ ប៉ុន្តែបើមានតម្រូវចាំបាច់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបន្ថែមទៀតនោះ សុំអភិបាលខណ្ឌចាត់ចែងជួលរថយន្តបែនដឹកដីឱ្យមកដឹកសំរាមដោយគិតតម្លៃជាតោនក្នុង១តោនចាប់ពី១០ដុល្លារ ដល់១៤ដុល្លារ ចំពោះឡានដែលប្រើប្រាស់ប្រេងផ្ទាល់ខ្លួន។
លើសពីនេះថែមទៀត ក៏ត្រូវជួលកម្លាំងកម្មករ រួមទាំងកម្លាំងកម្មកររបស់ក្រុមហ៊ុន ស៊ិនទ្រី ផងដែរ ដែលក្នុងម្នាក់ផ្តល់ជូន ១០ដុល្លារនៅពេលថ្ងៃ និងបន្ថែម៥ដុល្លារទៀតសម្រាប់អ្នកធ្វើការពេលយប់។
លោកអភិបាលរង ក៏បានស្នើឱ្យខណ្ឌនិមួយៗជាពិសេសខណ្ឌជាយក្រុង រកទីកន្លែង ឬជួលដីប្រជាពលរដ្ឋណាដែលនៅទំនេរមួយរយៈសម្រាប់ស្តុកសំរាមជាបណ្តោះអាសន្នរង់ចាំ រថយន្តដឹកសំរាមមកជញ្ជូនបន្តទៅកាន់ទីលានចាក់សំរាម ធ្វើយ៉ាងណាយប់នេះយកសំរាមឱ្យអស់ពីតាមបណ្តារនានាក្នុងរាជធានីភ្នំពេញ។
យ៉ាងណាលោក កើត ឆែ ក៏បានសុំគោលការណ៍ពីលោកអភិបាល ដើម្បីចាត់ចែងលេខរៀងខណ្ឌនីមួយៗ ឱ្យបានច្បាស់លាស់ ជាពិសេសចំពោះរថយន្តបែនដែលខណ្ឌបានជួល ដើម្បីងាយស្រួល គ្រប់គ្រង និងត្រួតពិនិត្យ ក៏ដូចជាងាយស្រួលគ្រប់គ្រងការចំណាយនានានៅក្នុងដំណាក់កាលនេះឱ្យបានច្បាស់លាស់ ឆ្លើយតបឱ្យបានទាន់ពេលវេលាបំផុត។
សូមបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុន ស៉ិនទ្រី នឹងដើរប្រមូលសំរាមវិញនៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះឡើងវិញ ក្រោយពួកគេទទួលបានដំណោះស្រាយសមស្របពីសាលារាជធានីភ្នំពេញ។ នេះបើយោងតាមកំណត់ហេតុ ដំណោះស្រាយដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។
ការងារនេះសម្រេចបានដោយជោគជ័យ ក្រោមការយកចិត្តទុកដាក់របស់អភិបាលរាជធានីភ្នំពេញ ដោយមានការណែនាំពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបដោះស្រាយបានបញ្ចប់៕