(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នាព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២០ នៅទីស្តីការសហគ្រិនខ្មែរ បានដឹកនាំ «កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព លើកទី ០៦»។
កិច្ចប្រជុំនេះមានការអញ្ជើញចូល រួមពីលោក ផាន់ ផល្លា (អនុប្រធានក្រុមប្រឹក្សាបរធនបាល) រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកឧកញ៉ា សៀ ឬទ្ធី (សមាជិកក្រុមប្រឹក្សាបរធនបាល) អគ្គនាយកក្រុមហ៊ុន World Bridge, លោកបណ្ឌិត អ៊ិន ចាន់នី (សមាជិកក្រុមប្រឹក្សាបរធនបាល) អគ្គនាយកធនាគារ Acleda, លោក គង់ ម៉ារី (សមាជិកក្រុមប្រឹក្សាបរធនបាល) ប្រធានក្រុមប្រឹក្សាបរធនបាលមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ», លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន ម.អ.ស., លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ, លោកឧកញ៉ា សុខ ពិសិដ្ឋ (ទីប្រឹក្សា) តំណាងឱ្យស្ថាប័ន Global Entrepreneurship Network, លោក ធី ហ៊ន់ (ទីប្រឹក្សា) តំណាងឱ្យស្ថាប័ន International Finance Corporation (សហរដ្ឋអាមេរិក), និងលោក ហៀង ចាន់ (ទីប្រឹក្សា) តំណាងឱ្យស្ថាប័ន Prelim (សហរដ្ឋអាមេរិក) ដែលរូបលោកមានបទពិសោធន៍ការងារក្នុងសា្ថប័នអន្តរជាតិដូចជា៖ Goldman Sachs and Y Combinator។ កិច្ចប្រជុំប្រព្រឹត្តឡើងនៅគោលបំណងពិនិត្យវឌ្ឍនភាពការងារក្នុងត្រីមាសទី ០៣ ឆ្នាំ២០២០ របស់ ម.អ.ស.។
ក្រុមការងារនៃលេខាធិការដ្ឋាន ម.អ.ស. និងសហគ្រិនខ្មែរ បានរាយការណ៍ជូនអង្គប្រជុំស្ដីពីសមិទ្ធផលការងារ និងវឌ្ឍនភាពហិរញ្ញវត្ថុប្រចាំត្រីមាសទី ០៣ និងអង្គប្រជុំបានពិភាក្សាដូចខាងក្រោម៖
១៖ សមិទ្ធផលការងារ និងវឌ្ឍនភាពហិរញ្ញវត្ថុប្រចាំត្រីមាសទី ០៣៖
អង្គប្រជុំបានពិនិត្យលើរបាយការណ៍វឌ្ឍនភាព និងបានវាយតម្លៃខ្ពស់លើលទ្ធផល ដែលសម្រេចបានដូចជា៖ កម្មវិធីជំនួយសហគ្រិនខ្មែរជុំទី០២ ដែលនឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចចំនួន២១បន្ថែមទៀត បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងសកម្ម, កម្មវិធីបណ្តុះភាពជាសហគ្រិន ដោយសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដូចជា៖ សាកលវិទ្យាល័យ Stanford (សហរដ្ឋអាមេរិក) សហការជាមួយសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និងសមិទ្ធផលនៃកម្មវិធីផ្សេងៗទៀត ដែលលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ឱ្យកាន់តែរស់រវើក ដើម្បីជំរុញការបង្កើតការងារ និងជួយទ្រទ្រង់សហគ្រាសដែលទទួលរងផលប៉ះពាល់ ក្នុងបរិការណ៍ជំងឺកូវីដ-១៩ ផងដែរ។ បន្ថែមទៀត ក្រុមប្រឹក្សាបរធនបាលក៏បានជំរុញក្រុមការងារឱ្យបន្តអនុវត្តផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
២៖ គោលការណ៍ណែនាំបន្ថែម៖
ប្រធានក្រុមប្រឹក្សាបរធនបាល បានគូសបញ្ជាក់ជារួមថា បន្ថែមពីការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការអនុវត្តមុខងារស្នូលរបស់ខ្លួន, ក្រុមការងារគប្បីពិនិត្យលើលទ្ធភាព ក្នុងការរៀបចំកម្មវិធីផ្សារភ្ជាប់រវាងផលិតកម្ម និងទីផ្សារ (ទាំងទីផ្សារក្នុងស្រុក និងទីផ្សារការនាំចេញ) របស់វិស័យម្សៅដំឡូងមី (Starch), គាំទ្របន្ថែមទៅដល់ធុរកិច្ចបែបនវានុវត្តន៍ ក្នុងការកែច្នៃផលិតផលកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗ, និងសិក្សាស្រាវជ្រាវអំពីបញ្ហា ក្នុងប្រព័ន្ធអេកូឡូស៊ីរបស់វិស័យមួយចំនួនទៀតដូចជា៖ ម្រេច និងគ្រាប់ធញ្ញជាតិជាដើម ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីក្នុងវិស័យទាំងនោះឱ្យកាន់តែមានសក្ដានុពល សំដៅចូលរួមចំណែកស្ដារសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩, ដោះស្រាយភាពរាំងស្ទះក្នុងខ្សែចង្វាក់តម្លៃ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរក្នុងរយៈពេលមធ្យម និងវែង។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល ក៏បានថ្លែងអំណរគុណ សមាជិកក្រុមប្រឹក្សាបរធនបាល ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារ ដែលបានខិតខំបំពេញកិច្ចការកន្លងមក ដោយទទួលបានវឌ្ឍនភាពល្អប្រសើរ និងមានឆន្ទៈមុតមាំក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ឱ្យមានភាពរីកចម្រើន និងរស់រវើកឡើង៕