(សៀមរាប)៖ ជាចំណែកដើម្បីអភិរក្សពូជផ្កាព្រៃ ក៏ដូចជាការលម្អ និងទាក់ទាញភ្ញៀវទេសចរផងនោះ អាជ្ញាធរជាតិអប្សរាបាននិងកំពុងរៀបចំដាំដើមផ្កាព្រៃលម្អតាមបណ្ដោយផ្លូវនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ខណៈគម្រោងនេះកំពុងរៀបចំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងពង្រីកការរៀបចំនៅតំបន់ជុំវិញបន្ថែមទៀត។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានផែនការគិតគូរពីការរៀបចំនេះរួចរាល់ហើយ ហើយគម្រោងនេះបានចាប់ផ្តើមមុនគេ នៅតាមផ្លូវមុខប្រាសាទអង្គរវត្ត ដែលដាំប្រភេទផ្កាព្រៃមួយចំនួនមាន ដូចជា ផ្កាក្ងោក ចំប៉ី ត្របែកព្រៃ ផ្ការលួស និងផ្ការំដួលជាដើម។
លោកអគ្គនាយកបានបន្ថែមថា ទៅថ្ងៃក្រោយអាជ្ញាធរជាតិអប្សរានឹងយកគំនិតនេះ ដើម្បីរៀបចំដាំនៅតាមបណ្ដោយផ្លូវវង់តូចវង់ធំ គឺត្រូវមានផ្កាចម្រុះពណ៌ ដើម្បីជាទស្សនីយភាពកាន់តែទាក់ទាញដល់ភ្ញៀវទេសចរពេលជិះកាត់តាមផ្លូវទាំងនោះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនៅមុខប្រាសាទអង្គរវត្ត ក្នុងពិធីដាំដើមព្នៅជាមួយព្រះសង្ឃ លោក ហង់ ពៅ បានបន្ថែមថា ក្រៅពីកិច្ចការការអភិរក្សពូជផ្កាព្រៃហើយ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានគិតពីពូជផ្កាណាដែលមានក្លិនក្រអូបផងដែរ ដែលក្លិនរបស់វាជាចំណែកមួយក្នុងការទាក់ទាញ និងធ្វើឱ្យទេសចរមានអារម្មណ៍ល្អពេលដើរកាត់សួនផ្កាទាំងនោះ៕